ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំ លើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើ លទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការ កំណត់ពន្ធគយបដិការ របស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និងស្នើសុំរាជរដ្ឋាភិបាលពិនិត្យ លទ្ធភាពបន្ថែមលើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ២០៨ (ពីររយប្រាំបី) ដុល្លារអាម៉េរិក ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងសម្រេច។ យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ (ពីររយដប់) ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត បងប្អូនកម្មករនិយោជិតនឹងទទួល បានប្រាក់ឈ្នួល យ៉ាងតិចចន្លោះពី ២២៧ ដុល្លារអាម៉េរិក ដល់ ២៣៨ដុល្លារអាម៉េរិក ក្នុងមួយខែ។

បើទោះបីជាស្ថានភាព សេដ្ឋកិច្ច មានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុង តំបន់មិនមានការដំឡើង ប្រាក់ឈ្នួលអប្បបរមា ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើង ប្រាក់ឈ្នួលអប្បបរមា ជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត៕

 

Daily Program

Livesteam thumbnail