ប៉ាឡេស្ទីន ១០០នាក់ស្លាប់​ ព្រោះអ៊ីស្រាអែលវាយ​ប្រហារ​តាម​អាកាស

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១០០ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមកលើសាលារៀនមួយដែលជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងទីក្រុងហ្គាហ្សា។

ប្រភពពីប៉ាឡេស្ទីន រួមជាមួយនឹងទីភ្នាក់ងារព័ត៌មានក្នុងស្រុកវ៉ាហ្វា (WAFA) បាននិយាយថា ជនរងគ្រោះដែល​ស្នាក់នៅ​ក្នុងសាលារៀននៅហ្គាហ្សា រួមមានស្ត្រី និងកុមារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហាម៉ាស់បាននិយាយថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដោយផ្ទាល់ទៅលើជនភៀសខ្លួន ខណៈពេលដែលពួកគេកំពុងធ្វើពិធីបួងសួង ហើយនេះគឺជាអ្វីដែលបានបង្កើនចំនួនអ្នកស្លាប់យ៉ាងឆាប់រហ័ស។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​វាយ​ប្រហារ​ពួក​ភេរវករ​ហាម៉ាស​យ៉ាង​ជាក់លាក់​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​សាលា។

ជម្លោះនៅតំបន់ហ្គាហ្សាហាក់នៅតែក្តៅ ទោះបីជាមានការចរចាគ្នាជាបន្តបន្ទាប់ ហើយការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលនេះ គឺធ្វើឡើងក្រោយពេលដែល​មេដឹកនាំក្រុមហាម៉ាសត្រូវបានសម្លាប់ នៅប្រទេសអ៊ីរ៉ង់ ដែលកំពុងតែបង្កឲ្យមានភាពតានតឹង នឹងការប្រឈមមុខកាន់តែលេចធ្លោឡើងរវាង អ៊ីស្រាអែលនិងអ៊ីរ៉ង់​៕

Daily Program

Livesteam thumbnail