បូជាចារ្យកាតូលិកចូលរួមកិច្ចប្រជុំកម្មវិធីអប់រំជាមួយមន្រ្តីប៉ាគីស្ថាននៅទីក្រុងការ៉ាជី
លោកបូជាចារ្យនៃព្រះសហគមន៍កាតូលិកមួយរូប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំលើបញ្ហាអប់រំ ដែលរៀបចំដោយរដ្ឋបាល ខេត្ត ស៊ីន (Sindh )ក្នុងប្រទេសប៉ាគីស្ថានកាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦។
កិច្ចប្រជុំនេះត្រូវបានរៀបចំ ឡើងនៅនិវេសនដ្ឋានលោកអភិបាលខេត្ត នាទីក្រុងការ៉ាជី ដែលជាទីក្រុងកំពង់ផែសំខាន់របស់ប្រទេស។
លោកបូជាចារ្យ ដែលចូលរួមនោះ គឺលោក ម៉ារីយូ អេនជីឡូ រ៉ូឌ្រីហ្គេស ( Mario Angelo Rodrigues) នាយកវិទ្យាល័យ សន្ត ផាទ្រិក ( St. Patrick) ក្នុងទីក្រុង ការ៉ាជី។
លោកបូជាចារ្យបានចូលរួមក្នុងកិច្ចប្រជុំ នេះក្នុងនាមជាតំណាងក្រុមប្រឹក្សាអប់រំកាតូលិក តាមការអញ្ជើញជាពិសេសរបស់លោកអភិបាលខេត្ត ដែលទើបតែងតាំងថ្មី។
លោកបូជាចារ្យ បាននិយាយថា អភិបាលខេត្តដែលទើបតែងតាំងថ្មី គឺ លោក ណេហាល ហាស្មី ( Nehal Hashmi )បានកោតសរសើរចំពោះការរួមចំណែកជាយូរអង្វែងរបស់សាលារៀនដែលគ្រប់គ្រងដោយព្រះសហគមន៍។
លោកបានមានប្រសាសន៍ថា លោកអភិបាលខេត្តបានទទួលស្គាល់សេវាកម្មអប់រំដ៏អស្ចារ្យរបស់វិទ្យាល័យ សន្ត ផាទ្រិក និងស្ថាប័នអប់រំកាតូលិកផ្សេងទៀតនៅទីក្រុង ការ៉ាជី ហើយបានធានាការគាំទ្រយ៉ាងពេញទំហឹងរបស់លោកចំពោះក្រុមប្រឹក្សាអប់រំកាតូលិក ជាពិសេសនៅក្នុងបេសកកម្មរបស់ខ្លួនក្នុងការអប់រំកុមារនៅក្នុងតំបន់ក្រីក្រ៕