បុរស​ជាឆ្មាំសន្តិសុខនៅបុរីវ៉ាទីកង់ ក្លាយជានិស្សិតទេវវិទ្យាល័យ

លោក ឌីឌីយេ ហ្រ្គង់ជិន (Didier Grandjean) គឺជានិស្សិតទេវវិទ្យាល័យ វ័យ៣៤ឆ្នាំម្នាក់ដែលបានប្រែខ្លួនពីឆ្មាំសន្តិសុខស្វីសនៅបុរីវ៉ាទីកង់រហូតក្លាយជាអ្នកដែលមានបំណង បម្រើព្រះសហគមន៍តាមផ្លូវអ្នកបួស។

នៅក្នុងបទសំភាសន៍ជាមួយនឹង វ៉ាទីកង់ញូវ បងប្រុស ឌីឌីយេ ហ្រ្គង់ជិន (Didier Grandjean)បានមានប្រសាសន៍ថា ដោយកើតនៅក្នុងគ្រួសារដែលមានជំនឿរឹងមាំនៅប្រទេសស្វីស និស្សិត​ទេវ​រូបនេះ​ ក្លាយជាឆ្មាំសន្តិសុខស្វីស ហើយត្រូវបានអង្គភាពបញ្ជូនមកការពារនិងរក្សាសន្តិសុខនៅសន្តអាសនៈ​។ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ លោក​បាន​ស្វែង​រក​ការ​ត្រាស់ហៅ​ក្នុងជីវិត​ជាអ្នក​បួស ដែល​ពេល​នេះ​ជានិស្សិតទេវវិទ្យាល័យ។

លោកបានបន្តថា នៅពេលធ្វើជាឆ្មាំសន្តិសុខ គឺលោកតម្រូវឲ្យរៀនតាំងពីក្បួនខ្នាតប្រយុទ្ធ និង ប្រើប្រាស់យុទ្ធវិធីការពារសន្តិសុខផ្សេងៗ ប៉ុន្តែនៅពេលដែលត្រូវបានបញ្ជូនមកវ៉ាទីកង់ លោក​បែរជាមានបំណង កាន់តែយល់និងមានទំនាក់ទំនងខាង​វិញ្ញាណកាន់តែជ្រៅថែមទៀត​​ជាមួយនឹងព្រះគ្រីស្ត។​

បងប្រុសបានបន្តថា លោកបានចូលស្ម័គ្រចិត្តនៅសាលាកងទ័ពស្វីសហើយក៏ត្រូវបញ្ជូលទៅវ៉ាទីកង់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩។

នៅក្នុងអំឡុងពេលនោះ ជំនឿរបស់លោកក៏ត្រូវបានកើនឡើងជាបន្តបន្ទាប់រហូតដល់លោកត្រូវបានត្រាស់ហៅឲ្យចូលទៅរៀននៅទេវវិទ្យាល័យ បន្ទាប់ពីបញ្ចប់បេសកកម្មជាឆ្មាំសន្តិសុខនៅបុរីវ៉ាទីកង់។

លោកបានបន្តថា ការស្ម័គ្រចិត្តចូលទេវវិទ្យាល័យនេះ ក្រុមគ្រួសារគឺពិតជាភ្ញាក់ផ្អើល ក្រោយពេលដែលលោកចូលបម្រើជាកងសន្តិសុខ ហើយក៏សម្រេចចិត្តចូលទេវវិទ្យាល័យ ប៉ុន្តែពួកគាត់គាំទ្រដើម្បីក្លាយជាអ្នកបន្តប្រកាសដំណឹងល្អ​របស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail