បព្វជិតអាស៊ីម្នាក់ថា សង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ប្រៀបដូចវីដេអូហ្គេម
លោកកាឌីណាល់ បាប្លូ វ័ជីលីអូ ដេវីត (Pablo Virgilio David) អនុប្រធានសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) បានព្រមានថា សង្រ្គាមរវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់វាប្រៀបដូចជាវីដេអូហ្គេម ពីព្រោះរូបភាពវាសាហាវនិងគួរឲ្យរន្ធត់ មិនគួរពិភពលោកបានឃើញបែបនេះឡើយ។
លោកកាឌីណាល់ បានអះអាងថា សង្គ្រាមសម័យទំនើបដ៏អាក្រក់បែបនេះធ្វើឲ្យសង្គមមនុស្សជាតិប្រឈមនឹងការផ្ដាច់ខ្លួនចេញពីការពិត ខណៈដែលមីស៊ីល និងយន្តហោះគ្មានមនុស្សបើកបានកំពុងតែវាយសន្ធាប់ឡើងខ្ទេចមជ្ឈិមបូព៌ា។
លោកកាឌីណាល់ បានអះអាងថា សង្រ្គាមដែលផ្ទុះដោយយន្តហោះគ្មានមនុស្សបើក ផ្កាយរណប និងបញ្ញាសិប្បនិម្មិតវាកំពុងតែធ្វើឲ្យពិភពលោកស្ថិតនៅក្នុងការប្រឈមនឹងការបង្កើតការបំភាន់ដ៏គ្រោះថ្នាក់មួយដែលកំពុងតែពិបាកនៅក្នុងការគ្រប់គ្រង។
លោកបាននិយាយថា នៅពេលនេះសង្រ្គាមវាកំពុងតែបំផ្លាញលំនៅស្ថាន មន្ទីរពេទ្យ និងផ្លូវ ដែលធ្វើឱ្យជនស៊ីវិលត្រូវទទួលផលវិបាកកាន់តែច្រើន ពីព្រោះវាគឺជាសង្រ្គាមដែលគេចុចដោយមិនចាំបាច់មើលឃើញពីទារុណភាពពិតប្រាកដដែលកំពុងតែកើតមានឡើង៕