បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ២០រូប ពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី

យ៉ាងហោចណាស់ វត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរចំនួន ២០រូប ដែលកាន់កាប់ដោយសមុច្ឆ័យដែលជាអ្នកសន្សំឯកជនមួយក្នុងតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញ។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រគល់មកវិញនូវវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជាក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រសួងបានលើកឡើងថា សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជារូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា ក្នុងដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំកិច្ចចរចារហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ។

ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។

កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរមកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ និងលើកទឹកចិត្តដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកំពុងកាន់កាប់វត្ថុបុរាណខ្មែរ ឱ្យទាក់ទងមកក្រសួង និងចូលរួមពិភាក្សាប្រកបដោយវិជ្ជាជីវៈក្នុងការប្រគល់វត្ថុបុរាណខ្មែរមកកម្ពុជាវិញ៕

Daily Program

Livesteam thumbnail