នៅពីក្រោយការដួលរលំនៃកងទ័ពរដ្ឋាភិបាលយេមេន ក្រោមការវាយលុកផ្លេក បន្ទោររបស់ក្រុមហ៊ូទី

កងកម្លាំងរដ្ឋាភិបាលយេមេន ដែលមានខ្នងបង្អែកដ៏រឹងមាំទាំងសព្វាវុធ និងហិរញ្ញវត្ថុពី​មហា​អំណាច​តំបន់ មានប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាបរួម អេមីរ៉េតផង កំពុងតែដកថយ​យ៉ាង​ប្រសាច ស្រប​ពេលដែល​ក្រុមបះ​បោរហ៊ូធី (Houthis) បន្តវាយលុករុលទៅមុខយ៉ាង​គំហុក​នៅ​តាមបណ្តោយឆ្នេរសមុទ្រក្រហម។ តើហេតុអ្វីបានជាកងទ័ពដែលមានការគាំទ្រពេញទំហឹងពីអន្តរជាតិបែរជាទន់ខ្សោយយ៉ាង​នេះ?

ចម្លើយមិនមែនស្ថិតលើកង្វះខាតអាវុធនោះទេ តែវាគឺជាលទ្ធផលនៃ "ការបែកបាក់ផ្ទៃក្នុង" នៃ​កងកម្លាំង​រដ្ឋាភិបាល ធៀបនឹង "វិន័យដ៏តឹងរ៉ឹង" របស់ក្រុមហ៊ូធី។

យុទ្ធសាស្រ្តវាយលុក និងការបាត់បង់ទីតាំង

ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមហ៊ូធីបានប្រើប្រាស់យុទ្ធសាស្រ្តវាយប្រហារ​បែបផ្លេក​បន្ទោរបុកទម្លុះខ្សែត្រៀមរបស់កងទ័ពរដ្ឋាភិបាលយ៉ាងងាយស្រួល។ បន្ទាប់ពីក្តោបក្តាប់បាន​កំពង់ផែ​​យុទ្ធសាស្រ្ត ម៉ូកា (Mokha) នៅភាគខាងនិរតីប្រទេស ក្រុមបះបោរស្ហ៊ីអ៊ីត (Shiite) ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់មួយនេះ បានឈានទៅត្រួតត្រាលើកោះ ម៉េយូន (Mayyoun) នៅសមុទ្រ​ក្រហមថែម​ទៀត។

ទីតាំងនេះមិនមែនជារឿងធម្មតានោះទេ វាគឺជាបេះដូងនៃច្រកសមុទ្រ បាប អាល់ ម៉េនដេប (Bab al-Mandeb) ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក តភ្ជាប់សមុទ្រក្រហមទៅកាន់​ឈូង​​សមុទ្រអេដេន និងជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតរវាងអឺរ៉ុប និងអាស៊ី។ ការបោះជំហាន​ទៅមុខ​យ៉ាងលឿនរបស់ក្រុមហ៊ូធី បានលាតត្រដាងនូវបរាជ័យដ៏គួរឲ្យកំសត់​របស់​រដ្ឋាភិបាល​យេមេន ដែលជារដ្ឋាភិបាលដែលសហគមន៍អន្តរជាតិទទួលស្គាល់។

ឫសគល់នៃបរាជ័យ ៖ សត្រូវរួម តែរបៀបវារៈខុសគ្នា

យោងតាមអ្នកវិភាគ ការបរាជ័យដែលគេអាចទាយទុកជាមុនបាននេះ គឺជាលទ្ធផលនៃការ​ប្រេះឆា​អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសម្ព័ន្ធយោធា ដែលពោរពេញ​ទៅដោយក្រុមប្រដាប់​អាវុធ​មាននិន្នាការប្រឆាំងគ្នា និងមានខ្សែបញ្ជាការរៀងៗខ្លួន។

លោកថូម៉ាស ហ្ស៊ូណូ (Thomas Juneau) សាស្រ្តាចារ្យសាលាជាន់ខ្ពស់នៃកិច្ចការសាធារណៈ និងអន្តរជាតិអូតាវ៉ា និងជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលក្រុមអ្នករិះគិត សាណាអា (Sana'a) យេមេន បញ្ជាក់ថា ៖ សម្ព័ន្ធមិត្តប្រឆាំងក្រុមហ៊ូធី គឺជាការប្រមូលផ្តុំនៃក្រុមបែកបាក់គ្នា​យ៉ាង​ជ្រាល​ជ្រៅ ដែលជា​ញឹកញាប់ ពួកគេចំណាយពេលវាយប្រយុទ្ធគ្នាឯង ច្រើនជាងការតទល់​នឹង​សត្រូវរួម។"  

ភាពខ្ទេចខ្ទាំនេះហើយ ដែលរារាំងរដ្ឋាភិបាលមិនឲ្យអាចកសាងកងទ័ពមួយដែលរឹងមាំ និង​មាន​​សមត្ថភាពពិតប្រាកដក្នុងការវាយបំបែកក្រុមហ៊ូធីបាន។

ល្បែងប្រទាញប្រទង់រវាង "ចៅហ្វាយនាយ" ទាំងពីរ

អ្វីដែលកាន់តែស៊ីជម្រៅជាងនេះទៅទៀត ការបរាជ័យនេះគឺជាស្រមោលនៃការប្រកួតប្រជែង​អំណាច​រវាងមហាអំណាចក្នុងតំបន់។ លោក ថូម៉ាស ហ្ស៊ូណូ បានពន្យល់ថា បើមើល​តែលើ​ក្រដាស កងទ័ពរដ្ឋាភិបាលមានអំណាចយោធាដ៏មហិមា ទាំងចំនួនទ័ព និងសព្វាវុធ។ ប៉ុន្តែ​នៅ​ក្នុងការអនុវត្តជាក់ស្តែង វាមិនដូច្នោះទេ ហើយប្រទេសផ្តល់ជំនួយធំៗទាំងពីរគឺ អារ៉ាប៊ី សាអ៊ូឌីត និងអេមីរ៉េត​អារ៉ាប់រួម (UAE) បែរជាប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា ដែលធ្វើឲ្យ​មាន​​ការបែកបាក់ផ្ទៃ​ក្នុង​យេមេន​​កាន់តែធ្ងន់ធ្ងរ។

សរុបសេចក្តីមក ជ័យជម្នះរបស់ក្រុមហ៊ូធី មិនមែនកើតចេញពីភាពខ្លាំងក្លាឥតខ្ចោះរបស់​ពួកគេ​​​ទាំងស្រុងនោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងអំពីភាពរលួយផុយស្រួយ និងការបែកបាក់​របស់​កងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានរុញច្រានដោយល្បែងនយោបាយរបស់មហា​អំណាច​នៅ​ពីក្រោយខ្នង។ ដរាបណាបញ្ហាផ្ទៃក្នុងនេះមិនត្រូវបានដោះស្រាយ ការរុលទៅមុខរ​បស់​ក្រុម​ហ៊ូធី នឹងនៅតែបន្តធ្វើឲ្យយេមេន និងតំបន់សមុទ្រក្រហម ស្ថិតក្នុងភាពរង្គោះរង្គើតទៀត។

 

Daily Program

Livesteam thumbnail
khmer popup image