នាយករដ្ឋមន្រ្តី៖ ព្រែកជីកតេជោ ហ្វូណន នឹងបើកការដ្ឋានសាងសង់នៅក្នុងខែសីហាខាងមុខនេះ

សម្តេចមហាវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ឱ្យដឹងថា ព្រែកជីកតេជោ ហ្វូណន ដែលជាគំនិតផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នឹងបើកការសាងសង់នៅក្នុងខែសីហាខាងមុខនេះ។
សម្តេចធិបតីបានលើកឡើងដូចនេះ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។
សម្តេចបានថ្លែងថា ៖ «ព្រែកជីកតេជោ ហ្វូណននេះ ត្រូវធ្វើឥឡូវដោយមិនចាំអ្នកណាទៀតទេ ហើយមានអ្នកខ្លះចេញមកថាចេះថាចុះ អ្នកខ្លះថាធ្វើអាហ្នឹងសម្រាប់ផលប្រយោជន៍វៀតណាម អ្នកខ្លះថាផលប្រយោជន៍ចិន គឺអត់ទេ។ ធ្វើនៅក្នុងទឹកដីខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ នេះគឺជាអ្វីដែលយើងធ្វើព្រែកជីកហ្វូណន»។
សម្តេចធិបតីបានបន្តទៀតថា ៖ «វាជាគម្រោងជាប្រវត្តិ និងជាគម្រោងដែលប្រជាពលរដ្ឋបានគាំទ្រ។ កិច្ចការងារនេះ យើងមិនបង្អង់ទេ ហើយកិច្ចការងារព្រែកជីកទៅថ្ងៃមុខនឹងមានបងប្អូនខ្មែរយើងភាគច្រើនចូលរួម ហើយការបើកការសាងសង់មិនចាំយូរដែលនាំឱ្យយប់យន់សុបិនច្រើននោះទេ ចឹងយើងនឹងបើកការដ្ឋានក្នុងខែ៨ខាងមុខនេះ»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។
ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។
គម្រោងនេះ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ដែលត្រូវបានប្រើប្រាស់តាំងពី២ពាន់ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ៣ពាន់តោនអាចធ្វើចរាចរបានតែប៉ុណ្ណោះ៕

Daily Program
