នាយករដ្ឋមន្ត្រី សន្តិភាពពេញលេញ ដែលកម្ពុជា ខិតខំកសាង អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង ដោយសារតែសង្គ្រាមកម្ពុជា-ថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលេីកឡេីងថា សន្តិភាពពេញលេញ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិខ្មែរទាំងមូល អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

តាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេច បានឱ្យដឹងថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផ្លែផ្កានៃការតស៊ូងើបចេញពី ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងសោកនាដកម្ម តាមរយៈការធ្វើពលិកម្មដ៏ធំធេង ប្រកបដោយស្មារតីស្នេហាជាតិ ប្តូរផ្តាច់របស់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនយើង ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិ យើងទទួលបាន ឯករាជ្យមកវិញ ពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំដ៏ក្លៀវក្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាឯករាជ្យជាតិ។

Image removed.សម្តេចធិបតី បន្ដថា ជាអកុសល មាតុភូមិកម្ពុជាដ៏អភ័ព្វបានបែកបាក់ និងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានគ្រប់បែបយ៉ាង និង កាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជាង ៣លាននាក់។ ហេដ្ឋារចនាសម្ព័ន្ធសង្គមវប្បធម៌ និងសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។

សម្តេចធិបតី បន្ថែមថា ជ័យជម្នះ ៧ មករា ១៩៧៩ បានសង្គ្រោះប្រជាជន យើងផុតពីជ្រោះមរណៈ និងក្តីវិនាសអន្តរាយក្នុង របបសាហាវព្រៃផ្សៃ របស់ខ្មែរក្រហម។ ប៉ុន្តែប្រជាជាតិយើងមិនទាន់ឆ្លងផុតពីសង្គ្រាម និងជម្លោះផ្ទៃក្នុង នៅឡើយទេ សូម្បីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលសម្រេចបានតាមការចរចាយ៉ាង ស្វិតស្វាញ និងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប.។ រហូតដល់ចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ «នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតធានាការអនុវត្ត ប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបាន អូសបន្លាយជិត ៣ទសវត្សរ៍ សម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ ដែលជាសមិទ្ធផល ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាង ជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិយើងទាំងមូល អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយ ព្រំដែនកម្ពុជា-ថៃ។ សង្គ្រាមនេះបានឆក់យកជីវិត និងបង្កផលប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែន ហើយពេលនេះមានប្រជាជន ភៀសសឹករាប់ពាន់គ្រួសារ ដែលមិនទាន់អាចវិលទៅលំនៅឋានដើមវិញនៅឡើយ»៕

 

Daily Program

Livesteam thumbnail
khmer popup image