សាលាកាតូលិកនៅទីក្រុងការ៉ាជីនាំសិស្សចុះកម្មសិក្សាស្វែងយល់អំពីជំនឿសាសនាផ្សេងៗគ្នា
វិទ្យាល័យយុវតីសន្តផាទ្រិក (St. Patrick) ក្នុងទីក្រុងការ៉ាជី បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាអំពីជំនឿសាសនាសម្រាប់សិស្សថ្នាក់ទី៩ ដោយនាំពួកគេទៅកាន់ទីកន្លែងគោរពបូជានៃសាសនាគ្រីស្ត ហិណ្ឌូ ស៊ីក (Sikh) និងឥស្លាម ព្រមទាំងមណ្ឌលកុមារកំព្រាសម្រាប់ក្មេងស្រីមូស្លីមផងដែរ។
គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធីសិក្សាផ្នែកសាសនារបស់សាលា និងបានផ្តល់ឱកាសឱ្យសិស្សរៀនសូត្រអំពីប្រពៃណីជំនឿផ្សេងៗគ្នា តាមរយៈការជួបផ្ទាល់នៅក្រៅថ្នាក់រៀន។
ក្រុមយុវសិស្សចំនួន ៤៥ នាក់ (ក្នុងនោះមានគ្រិស្តសាសនិក ៣៦ នាក់ និងហិណ្ឌូ ៩ នាក់) ព្រមទាំងមានគ្រូបង្រៀនចំនួន ៨ នាក់អមដំណើរ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ក្រុមការងារបានទៅទស្សនាវិហារ St. Patrick’s Cathedral, វិហារហិណ្ឌូ Swaminarayan Mandir, វិហារស៊ីក (Gurdwara), វិហារឥស្លាម Abu Bakar Masjid និងមណ្ឌលកុមារកំព្រាសម្រាប់កុមារីមូស្លីម។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក កាស៊ីហ្វ អេនថូនី (Kashif Anthony) ដែលជាគ្រូបង្រៀនជាន់ខ្ពស់ និងជាអ្នករៀបចំដំណើរទស្សនកិច្ច បានអានសារមួយពីនាយកគណៈកម្មការកាតូលិកសម្រាប់ការសន្ទនារវាងសាសនា និងការរួបរួមគ្នានៃសាសនា ប្រចាំភូមិភាគនៃទីក្រុងការ៉ាជី។
សារនោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា និងការជួបគ្នារវាងយុវជន ដោយបានលើកឡើងថា ការទៅទស្សនាទីកន្លែងសក្ការៈនៃជំនឿសាសនាផ្សេងៗគ្នា អាចជួយលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក កែតម្រូវការយល់ច្រឡំ និងរួមចំណែកដល់ភាពសុខដុមរមនាកាន់តែប្រសើរឡើងនៅក្នុងសង្គម។
អំឡុងពេលដំណើរទស្សនកិច្ចនោះ សិស្សានុសិស្សត្រូវបានណែនាំឱ្យស្គាល់អំពីប្រពៃណី ទំនៀមទម្លាប់ និងការប្រតិបត្តិនៃសាសនាហិណ្ឌូ, ទទួលបានការពន្យល់អំពីការបង្រៀនរបស់សាសនាស៊ីកទាក់ទងនឹងសមភាព ការចែករំលែក និងការបម្រើសង្គម ព្រមទាំងបានស្វែងយល់ពីរបៀបនៃការអធិស្ឋាន ប្រពៃណី និងជីវិតរស់នៅក្នុងសហគមន៍នៃសាសនាឥស្លាមផងដែរ។
