ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជិត ១៧ ពាន់លានដុល្លារ រយៈពេល៣ខែ ឆ្នាំ២០២៦

រយៈពេល៣ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជិត ១៧ ពាន់លានដុល្លារ កើនឡើង ១៧.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងចំណោមបណ្ដាលប្រទេសទាំងអស់ ប្រទេសចិនស្ថិតនៅលំដាប់ទី១ជាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ ពាន់លានដុល្លារ ក្នុងដើមឆ្នាំ២០២៦នេះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះ កម្ពុជាសម្រេចការនាំចេញទំនិញទៅក្រៅប្រទេសក្នុងទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើនឡើង ១៧.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណជាង ៨.៨៣ ពាន់លានដុល្លារ កើនឡើង ១៦.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៣ខែដើមឆ្នាំនេះ ប្រទេសចិនស្ថិតនៅលំដាប់ទី១ ជាប្រទេសដែលធ្វើពាណីជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ កើនឡើងជិត ២៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជានាំចេញទៅចិនក្នុងទឹកប្រាក់ជាង ៤៥៩ លានដុល្លារ កើនឡើង ៣២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជាង ៤,៦ ពាន់លានដុល្លារ កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ បន្ទាប់ពីចិនមានដូចជា សហរដ្ឋអាម៉េរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី អេស្ប៉ាញ ឥណ្ឌូនេស៊ី កាណាដា កូរ៉េ។ល។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

 

Daily Program

Livesteam thumbnail