ទីម័រខាងកើតប្រារព្ធខួបនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបមួយឆ្នាំ

ព្រះសហគមន៍តូលិកនៅទីម័រខាងកើតបានប្រារព្ធពិធីបុណ្យថ្លែងអំណរគុណសម្តេចប៉ាបដោយប្រារព្ធខួបលើកទី១ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលបានចំណាយពេលវេលារបស់ទ្រង់យាងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេស។
ពិធីនេះបានរៀបចំតាំងតែពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកកាឌីណាល់ វីជីលីយូ ឌូ កាម៉ូ ដា ស៊ីលវ៉ា (Virgilio do Carmo da Silva) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្រុងឌីលី។
លោកកាឌីណាល់បានមានប្រសាសន៍នៅពេលថ្វាយអភិបូជាថា វត្តមានរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គឺជាពរជ័យនិងជាអំណរសប្បាយមួយសម្រាប់ប្រទេសទីម័រខាងកើត។
ពិធីនេះក៏មានការចូលរួមពីអ្នកការទូតរបស់សន្តអាសនៈ បព្វជិត និង គ្រីស្តបរិស័ទជាច្រើននាក់ ដោយរួមទាំងតំណាងមន្ត្រីរដ្ឋាភិបាល និងយោធា។
លោកកាឌីណាល់ ដា ស៊ីលវ៉ា បាននិយាយថា "ថ្ងៃនេះយើងជួបជុំគ្នាម្តងទៀត កន្លែងតែមួយនឹង ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យពីរដែលបង្ហាញពីជំនឿរបស់ប្រជាជនទីម័រ ហើយនិងការដាក់ប្រទេសរបស់យើងនៅលើផែនទីពិភពលោក។
លោកកាឌីណាល់បានបន្ថែមថា យើងនៅទីនេះក្នុងនាមជាប្រជាជនដ៏តូចមួយរបស់ព្រះជាម្ចាស់។ ទីម័រខាងកើតសូម រួបរួមជាមួយនឹងគ្រីស្តបរិស័ទទាំងអស់ សូមស្ម័គ្រថ្វាយខ្លួនដល់ព្រះជាម្ចាស់។
គួររំលឹកថា សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានធ្វើទស្សនកិច្ចនៅទីម័រខាងកើត ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤៕
Daily Program
