ទីក្រុងយុទ្ធសាស្រ្ត ប៉ូក្រូវស្ក៍ របស់អ៊ុយក្រែន រងការវាយប្រហារ និងទម្លាក់គ្រាប់បែក
បើយោងតាមអាជ្ញាធរតំបន់ បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅលើទីក្រុង យុទ្ធសាស្រ្ត ប៉ូក្រូវស្ក៍ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់នៃការដឹកជញ្ជូននៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន និងកំពុងទទួលរងការគំរាមនឹងការបោះពួយទៅមុខរបស់ទាហានវិមានក្រឹមឡាំង បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ កាលពីថ្ងៃអាទិត្យទី១៥ ខែកញ្ញា។
នៅលើសារតេឡេក្រាម សាលាក្រុងប៉ូក្រូវស្ក៍ បានប្រាប់ឲ្យដឹងថា នៅពេលព្រឹក អគារមួយត្រូវរងផលប៉ះពាល់នៅជិតស្ថានីយ៍សេវាកម្មដោយការវាយប្រហារដោយកាំភ្លើងធំរបស់សត្រូវ។
យោងតាមប្រភពដដែល បានឲ្យដឹងថា ការទម្លាក់គ្រាប់មួយផ្សេងទៀតកើតមានឡើងនៅពេលថ្ងៃត្រង់ និងបានប៉ះពាល់ដល់ភាគខាងលិចនៃទីក្រុង ដែលសម្លាប់មនុស្សម្នាក់។
យោងតាមអ្នកសង្កេតការណ៍យោធា បានឲ្យដឹងថា ទាហានរុស្ស៊ីដែលមានច្រើនជាង និងមានគ្រឿងសព្វាវុធបរិមាណធំជាងស្ថិតនៅមិនដល់ ១០គម ផងពីទីក្រុងប៉ូក្រូវស្ក៍ នៅពេលនេះ។
អាជ្ញាធរក្នុងតំបន់ បានប្រកាសឲ្យដឹងថា ការផ្គត់ផ្គង់ទឹក និងឧស្ម័ន ត្រូវបានកាត់ផ្តាច់ដោយសារការប្រយុទ្ធ។ ប៉ុន្តែការបែងចែកទឹកស្អាតត្រូវបានស្តារឡើងវិញ។
សាលាក្រុងប៉ូក្រូវស្ក៍ ក៏បានប្រាប់ទៀតថា ការវាយប្រហាររបស់រុស្ស៊ីក៏បានកាត់ផ្តាច់ចរន្តអគ្គីសនីពីផ្នែកដ៏ធំនៃទីក្រុង។
នៅសប្តាហ៍នេះ អាជ្ញាធរតំបន់ និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ក៏បានរាយការណ៍អំពីការវាយប្រហាររបស់រុស្ស៊ីដែលបានបំផ្លិចបំផ្លាញស្ពានពីរនៅទីក្រុងប៉ូក្រូវស្ក៍។
ប្រឈមនឹងការខិតជិតមកដល់នៃកងកម្លាំងរបស់វិមានក្រឹមឡាំង អាជ្ញាធរអ៊ុយក្រែន បានជន្លៀសប្រជាជនរាប់ពាន់នាក់ និងអំពាវនាវឲ្យអ្នកដែលបន្តនៅឲ្យចាកចេញ។
នៅខណៈដែលលោកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ទទួលស្គាល់ថា ស្ថានភាពមានការលំបាកខ្លាំងសម្រាប់ទាហានរបស់លោកនៅក្នុងតំបន់ដូណេត ហើយទីក្រុងមូស្គូ ដណ្តើមបានទឹកដីច្រើន។
ចំណែក ប្រមុខចារកម្មយោធាអ៊ុយក្រែន លោកគីរីឡូ ប៊ូដាណូវ វាយតម្លៃថា បញ្ហាដ៏ធំបំផុតសម្រាប់ទីក្រុងគៀវ គឺកូរ៉េខាងជើង និងការផ្គត់ផ្គងដ៏ច្រើនសម្បើមរបស់ប្រទេសនេះនូវគ្រាប់កាំភ្លើងធំមកឲ្យរុស្ស៊ី។
នៅអំឡុងសន្និសីទយុទ្ធសាស្រ្ត យ៉ាល់តា អឺរ៉ុប នៅទីក្រុងគៀវ លោកគីរីឡូ ប៊ូដាណូវ បានថ្លែងថា ៖ ”ពីសម្ព័ន្ធមិត្តទាំងអស់រុស្ស៊ី បញ្ហាធំបំផុតសម្រាប់យើង មានប្រភពពីកូរ៉េខាងជើង ដោយសារតែជាមួយបរិមាណសម្ភារៈយោធា ដែលប្រទេសនេះផ្តល់ឲ្យរុស្ស៊ី។ វាប៉ះពាល់យ៉ាងពិតប្រាកដដល់វិសាលភាពនៃការប្រយុទ្ធ។ លោកប៊ូដាណូវ ឧត្តមសេនីយ៍ ដ៏មានឥទ្ធិពល បានថ្លែងថា អាជ្ញាធរកូរ៉េខាងជើង បានផ្គត់ផ្គង់បរិមាណដ៏សម្បើមនៃគ្រាប់កាំភ្លើងធំ។ នេះគឺអាក្រក់សម្រាប់យើង។ លោកទទួលស្គាល់ថា ជាភ័ព្វអាក្រក យើងមិនអាចធ្វើអ្វីបានទាល់តែសោះចំពោះរឿងនេះនៅពេលនេះ។ លោកអះអាងទៀតថា ៖ “ទង្វើដែលពួកគេផ្តល់មីស៊ីលបាលីស្ទីកទៀត គឺធ្វើឲ្យមិនសប្បាយចិត្ត ប៉ុន្តែវាមិនធ្ងន់ធ្ងរ ដោយសារបរិមាណមីស៊ីលដែលផ្គត់ផ្គង់មានមិនច្រើន។”
សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្តល់គ្រឿងរំសេវ និងមីស៊ីលមកឲ្យរុស្ស៊ីដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការចោទប្រកាន់ទាំងនេះត្រូវបានច្រានចោលដោយទីក្រុងព្យុងយ៉ាង។ ប៉ុន្តែអង្គភាពអង្កេតការសិក្សាស្រាវជ្រាវជម្លោះសព្វាវុធ បានបញ្ជាក់នៅសប្តាហ៍នេះថា ការវិភាគនានាពីពីសំណល់កាទុះ បង្ហាញច្បាស់ថា មីស៊ីលដែលផលិតនៅឆ្នាំនេះនៅកូរ៉េខាងជើង ត្រូវបានគេប្រើប្រាស់នៅអ៊ុយក្រែន”។