តំណាងភាគីកម្មករទាមទារតម្លើងប្រាក់ឈ្នួល ១៤ដុល្លារ ខណៈតំណាងនិយោជក សម្រេចដំឡើង ១ដុល្លារ​

​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃ​ជាលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា​​ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៣០នាទីរសៀល ដើម្បីបន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៥។

គិតត្រឹមថ្ងៃនេះ នៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំត្រីភាគីចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគី កម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ១លើក ភាគីទាំងពីរបាន បន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ អំពីសំណើរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំទាំង ៤លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ ផងដែរ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៖ «តំណា​ង​ភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអា​ម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ ដុល្លារអាម៉េរិក»។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៕

 

 

 

Daily Program

Livesteam thumbnail