តើហេតុអ្វីបានជាចិនដាក់កំហិតភ្លាមៗ នៃការហោះរំលងដែនអាកាសរបស់ខ្លួន?

យោងតាមអ្នកជំនាញមួយចំនួនបានឲ្យដឹងថា ទីក្រុងប៉េកាំងបានបិទដែនអាកាសរបស់ខ្ឡួន​ជា​ច្រើនតំបន់។ នេះអាចជាប្រតិបត្តិការដែលអាចត្រៀមសម្រាប់ការលុកលុយតៃវ៉ាន់។

កាលពីថ្ងៃទី៥ ខែមេសា សារព័ត៌មាន ឌឹ វ៉ល ស្ត្រ៊ីត ជួនណល់ (The Wall Street Journal) បាន​បង្ហាញឲ្យដឹងថា  នេះគឺជាវិធានការ​ដែលខុសពីទម្លាប់ធម្មតាដែលបានចោទឡើងជា​សំនួរ​ជា ច្រើន។ ប្រទេសចិនបានបិទមួយផ្នែកដ៏ធំ​លើដែនសមុទ្រសម្រាប់រយៈពេល ៤០ថ្ងៃ ដោយ​មិន​បានផ្តល់ការពន្យល់។ ជាទូទៅ ទីក្រុងប៉េកាំង បានកម្រិតការឆ្លងកាត់តំបន់ដែនអាកាសខ្លះ​ នៅពេលខ្លួនត្រៀមរៀបចំធ្វើ​សមយុទ្ធយោធា។ ទោះជាយ៉ាងណា មិនមានការប្រកាសអំពីការ​ប្រតិបត្តិ​ការសមយុទ្ធណាមួយសម្រាប់រយៈពេលនេះឡើយ។ ប្រទេសចិនបានផ្សព្វផ្សាយសេចក្តីជូនដំណឹង​សម្រាប់បេសកកម្មដែនអាកាស (NOTAM) ដែល​សំដៅផ្តល់ព័ត៌មានដល់ពីឡុតនានា និងអាជ្ញាធរដែនអាកាសអំពីគ្រោះថ្នាក់ និងការ​កំហិត​ជាបណ្តោះអាសន្ន​ដែលជះឥទ្ធិពលពីការបិទដែនអាកាសនេះ។

លោករ៉ៃ ផោវើល ដែលជានាយកនៃគម្រោងស៊ីឡាយ (Sealight) នៅសកលវិទ្យាល័យ ស្តេនហ្វ៉ត និងតាមដានសកម្មភាពផ្លូវសមុទ្ររបស់ចិន បានឲ្យដឹងថា រយៈពេលកំហិត​ពិសេស​នេះ ដែលភ្ជាប់ជាមួយនឹងការអវត្តមាននៃការប្រកាសអំពីសមយុទ្ធយោធា បង្ហាញថា វាអាច​មិន​មែនជាលំហាត់យោធាតែមួយទេ ប៉ុន្តែនេះគឺជាស្ថានភាពត្រៀមខ្លួនប្រតិបត្តិការ​យោធា​​ដែល​​មានការគាំទ្រយ៉ាងជាប់លាប់ ដែលចិនហាក់ដូចជាមិនចាំបាច់​ត្រូវពន្យល់ច្រើន​ឡើយ។

និយាយមួយបែបទៀត ការរៀបចំបែបនេះអាចអនុញ្ញាតឱ្យទីក្រុងប៉េកាំងហ្វឹកហាត់ចលនា​ការ​ប្រយុទ្ធ​​​លើអាកាសឲ្យមានប្រសិទ្ធភាព ក្នុងស្ថានភាពដែលអាចមានការវាយលុក​លើកោះ​តៃវ៉ាន់។ យុទ្ធសាស្រ្តរបស់ប្រទេសចិនរួមបញ្ចូល មានជាអាទិ៍​ការដាក់ចេញនូវចំនុចបិទខ្ទប់លើ​ផ្លូវ​ដឹក​ជញ្ជូនដែលកងកម្លាំងអាម៉េរិកអាចនឹងប្រើប្រាស់ដើម្បីគាំទ្រដល់​តៃវ៉ាន់​ ដែល​សហរដ្ឋអាម៉េរិក​នៅមាន​ប្រព័ន្ធការពារ អង្គភាពវាយប្រហារ​ និងព្រមទាំងទាហាន​រាប់ម៉ឺននាក់​ដែល​​បោះទីតាំង​នៅ​ប្រទេស​កូរ៉េខាងត្បូង និងប្រទេសជប៉ុន។

រដ្ឋបាលសហព័ន្ធនៃអាកាសចរណ៍អាម៉េរិក (FAA) បញ្ជាក់ថា ជាការគាប់ជួន តំបន់អាកាស​ដែល​កំហិតដោយប្រទេសចិនលាតសន្ធឹង​ពីសមុទ្រលឿង ទល់នឹងកូរ៉េខាងត្បូង រហូតដល់​ដែន​ទឹកនៃសមុទ្រចិនខាងកើតទល់នឹងជប៉ុន។ សមតិកម្មនេះកាន់តែមានភាពជឿជាក់ ពីព្រោះ​សេចក្តីជូនដំណឹងសម្រាប់ពីឡុត ក៏ចេញ​បន្ត​នូវអាថ៌កំបាំង​មួយទៀតដែល​ពាក់ព័ន្ធ​នឹង​បំណងយោធារបស់ចិន នោះគឺការផ្អាកការហោះហើរ​ដោយកងទ័ពអាកាសចិន ​ដែល​ធ្វើជា​ទៀង​ទាត់ស្ទើរៀងរាល់ថ្ងៃនៅជិតកោះតៃវ៉ាន់។​ នេះគឺជាការស្ងប់ស្ងាត់មួយ​ដែល​បាន​កើតឡើង ស្របគ្នាជាមួយនឹងការចាប់ផ្តើមប្រតិបត្តិការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល​​លើ​ប្រទេស​អ៊ីរ៉ង់។

ក្រសួងការពារប្រទេសចិន និងអាជ្ញាធរនៃអាកាសចរណ៍ស៊ីវិល មិនបានធ្វើប្រតិកម្មទេ។ ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់តៃវ៉ាន់ម្នាក់ បានពន្យល់ប្រាប់ទៅកាន់ ឌឹ វ៉ល ស្ត្រ៊ីត ជួនណល់ ថា គំនិតផ្តួចផ្តើម​មិន​ធម្មតាប្រហែល​ជាសំដៅ​សម្រាប់ប្រទេសជប៉ុន ដែលមានវិបត្តិការទូតជាមួយ​ប្រទេស​ចិន​ចាប់​តាំងពីខែតុលាឆ្នាំមុន។ ហើយកាលពីខែមុន សមាជិកម្នាក់​នៃកង​កម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន បានចូលទៅក្នុងស្ថានទូត​ចិន​នៅទីក្រុងតូក្យូ ដែលបង្កបានជាប្រតិកម្មដ៏​ស្រួចស្រាវ​ពី​សំណាក់​ទីក្រុងប៉េកាំង។ប្រទេស​ចិន​ទាមទារ​អធិបតេយ្យភាពលើបណ្តុំកោះ​សេន​កាគូ ដែល​គ្រប់គ្រង​ដោយជប៉ុន និងបញ្ជូន​ជា​ទៀង​ទាត់នូវនាវានៃឆ្មាំឆ្នេររបស់ខ្លួន​នៅក្បែរៗ​នោះ​​ដើម្បី​ដាក់​​សំពាធលើទីក្រុងតូក្យូ។

ចំណែកអ្នកជំនាញដែលមានភាពជិតស្និទ្ធនឹងក្រសួងការពារជាតិជប៉ុន បានថ្លែងប្រាប់​សារ​ព័ត៌មាន តេឡេក្រាហ្វ (Telegraph) ថា ហានិភ័យនៃការលុកលុយរបស់ចិនលើ​ប្រជុំ​កោះ​ទាំង​នេះ តំណាង​​ឲ្យការព្រួយបារម្ភខាងសន្តិសុខដ៏ចម្បងរបស់ប្រទេសជប៉ុន។

 

Daily Program

Livesteam thumbnail