ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​នឹង​លើកទឹកចិត្ត​ប្រជាជននៅ​អាស៊ី

នៅក្នុងបទសម្ភាសដ៏ទូលំទូលាយមួយនៅមុនដំណើរយាងទស្សនកិច្ចរបស់សម្តេចប៉ាបមកកាន់ទ្វីបអាស៊ីនាពេលខាងមុខ លោកកាឌីណាល់ ឆាល មឿងបូ ដែលជាប្រធានអន្តរសភានៃក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី បានប្រាប់វ៉ាទីកង់ញូវថា ដំណើរទស្សនកិច្ចនេះជាការលើកទឹកចិត្តប្រជាជន និង​ពង្រឹងជំនឿនៅអាស៊ី។

លោកកាឌីណាល់បានពិពណ៌នាអំពីអាស៊ី និងអូសេអានីថា ដំណើរយាងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែកញ្ញា ជាដំណើរយាងទស្សនកិច្ចដ៏វែងបំផុតរបស់ទ្រង់នៅក្រៅបុរីវ៉ាទីកង់។

លោកកាឌីណាល់ បានរៀបរាប់លម្អិតអំពីព្រះសហគមន៍ ដ៏រស់រវើក និងចម្រុះថា ទោះបីជាមានការប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ និងការពិតដែលថា «វាមិនងាយស្រួលទេក្នុងការរស់នៅតាមជំនឿគ្រីស្តបរិស័ទនៅក្នុងតំបន់មួយចំនួននៃអាស៊ីក៏ពិតមែន  ប៉ុន្តែប្រជារាស្រ្តរបស់ព្រះជាម្ចាស់​មិន​ត្រឹម​តែ​មាន​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ភាព​ស្វាហាប់​តាមដំណើរជីវិតរបស់យើង។​

លោកបានបន្តថា សម្រាប់ប្រជាជនអាស៊ីជាច្រើន នៅពេលដែលឮអំពីសម្តេចប៉ាប គឺពួកគេពិតជារំភើប ពីព្រោះទ្រង់គង់នៅឆ្ងាយពីយើងខ្លាំងណាស់ ប៉ុន្តែទ្រង់យាងមករកពួកយើង។

លោកកាឌីណាល់បានបន្តថា ការយាងមករបស់សម្តេចប៉ាបនៅអាស៊ី មិនត្រឹមតែបង្កើតការរំភើបចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខ្នះខ្នែងជាថ្មីសម្រាប់ជំនឿ និងផ្តល់ឱ្យប្រជាជនអាស៊ីនូវអារម្មណ៍ថ្មីនៃជំនឿ ព្រោះវាបង្ហាញថាប្រជាជនអាស៊ីមិនឆ្ងាយពីចិត្ត និងបេះដូងរបស់សម្តេចប៉ាបនោះទេ។

លោកកាឌីណាល់បានបន្តថា អ្វីដែលជាការលើកទឹកចិត្តជាងនេះទៅទៀតនោះ សម្តេចប៉ាប បានជ្រើសរើសធ្វើទស្សនកិច្ចប្រទេសតូចៗ ដែលមិនសូវស្គាល់នៅលើពិភពលោក ដូចជា ប៉ាពួញូហ្គីណេ និងទីម័រឡេស្តេ ក្នុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីនេះ ដែលជាហេតុបង្កើតឱកាសមួយសម្រាប់ពិភពលោក ដើម្បីស្គាល់ព្រះវិហារនៅក្នុង ប្រទេសទាំងនេះ៕

Daily Program

Livesteam thumbnail