ជប៉ុន ចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានជាង ១៧១ លានដុល្លារ សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ និងស្ដារប្រព័ន្ធរំដោះទឹកនៅកម្ពុជា

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦មិថុនានេះបានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម (Establishment of the Teacher Education College in Kampong Cham Province) មានទឹកប្រាក់ ចំនួន ១ ១៨៩ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧,៥ លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណង លើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀនដែលបានទទួលការបណ្ដុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យ នៅក្នុង ខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់ អគារថ្មីចំនួន ២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់។

ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគ និរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) [Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)] មានទឹកប្រាក់ចំនួន ២៤ ២៣៧ លានយ៉េនជប៉ុន (ត្រូវ ជាប្រមាណ ១៦៣,៨ លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និង ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុគម្រោង កណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្ដាល ដែលនឹងចូលរួមចំណែកដល់ ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ និងយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្រាប់កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈ ពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេស តាមរយៈហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេស៕

 

Daily Program

Livesteam thumbnail