ជនជាតិខ្មែរពីររូប កំពុងកាន់តួរនាទីកំពូលស្ថាប័នអាស៊ាន
ជនជាតិខ្មែរពីររូប កំពុងបំពេញការងារ និងដឹកនាំស្ថាប័នកំពូលក្នុងតំបន់នោះគឺ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ លោកទាំងពីរនាក់ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយសមត្ថភាព និងចំណេះដឹង មុនពេលលោកទាំងពីរត្រូវទៅបំពេញការងារនោះ។
នៅថ្ងៃទី៨ ខែមករា លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយលោក ចែម វីឌ្យ៉ា អគ្គលេខាធិការនៃសភាអន្តរសភាអាស៊ាន (AIPA) ដែលទើបតែងតាំងថ្មី នៅទីស្នាក់ការកណ្តាលអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នេះជាលើកដំបូង ដែលកម្ពុជាកាន់តំណែងជាថ្នាក់ដឹកនាំលេចធ្លោពីរ ក្នុងពេលតែមួយនៅកម្រិតអាស៊ាន។
លោក កៅ គឹមហួន បានចាប់ផ្តើមអាណត្តិប្រាំឆ្នាំរបស់លោកជាអគ្គលេខាធិការអាស៊ាន ក្នុងឆ្នាំ២០២៣ ខណៈដែលលោក ចែម វីឌ្យ៉ា បានចូលកាន់តំណែងជាអគ្គលេខាធិការ AIPA សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៨ ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
លោកកៅ គឹមហួន បច្ចុប្បន្នជាអគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។
លោក កៅ គឹមហួន ចូលកាន់តំណែងបន្តពីលោក Lim Jock Hoi ជនជាតិព្រុយណេ ដោយអាណត្តិអគ្គលេខាធិការអាស៊ាននេះ មានរយៈពេល៥ឆ្នាំ និងត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន។
មុនទទួលបានការតែងតាំងនេះ លោក កៅ គឹមហួន អាយុ៥៦ឆ្នាំ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោកធ្លាប់ធ្វើជាទីប្រឹក្សា និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
បើគិតចាប់តាំងពីឆ្នាំ១៩៧៦មក លោក កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ានទី១៥ និងជាឥស្សរជនខ្មែរដំបូង។ អគ្គលេខាធិការអាស៊ាន១៤នាក់ផ្សេងទៀត មាន ឥណ្ឌូណេស៊ី ៣រូប, ម៉ាឡេស៊ី ២រូប, ហ្វីលីពីន២រូប, សិង្ហបុរី២រូប, ថៃ២រូប, ព្រុយណេ២រូប និងវៀតណាម១រូប។
អាណត្តិរបស់លោកបណ្ឌិត ចែម វីឌ្យ៉ា គឺជាការជំនួសកៅអីពីលោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ដែលជាជនជាតិព្រុយណេ ហើយត្រូវចប់អាណត្តិការងារ ក្រោយលោកស្រីបំពេញតួនាទីនេះ រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៥។
មុនចូលកាន់តំណែងជាផ្លូវការ អគ្គលេខាធិការអាយប៉ា លោកបណ្ឌិត ចែម វីឌ្យ៉ា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ដែលមានស្នាក់ការកណ្ដាលនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះ លោកបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាយប៉ាបច្ចុប្បន្ន ជួបសន្ទនាជាមួយអគ្គរដ្ឋទូតហ្វីលីពីនប្រចាំឥណ្ឌូណេស៊ី និងប្រធានគណៈកម្មាធិការកិច្ចការបទេសនៃសភាឥណ្ឌូណេស៊ី ព្រមទាំងចូលជួបអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន នៅទីស្នាក់ការកណ្តាលអាស៊ាន។
លោក ចែម វីឌ្យ៉ា ធ្លាប់កាន់ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ហើយក៏ជាអ្នកការទូតចាស់វស្សា ប្រកបដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងកម្រិតអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន៕