ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារការរៀបចំខ្លួនទុកជាមុន

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៤មិថុនានេះ បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានខ្លឹមសារយ៉ាងដូច្នេះ៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ អ្នកស្អាងនៅឃុំកោះខ្សាច់ទន្លានេះគឺជាគោលដៅសំខាន់ជាងគេមួយដើម្បីដើរតួនាទីនេះ ព្រោះជាតំបន់សម្បូរដាំបន្លែស្រាប់ និងស្ថិតនៅកៀកនឹងទីក្រុងភ្នំពេញ។»

ចំពោះការធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលយ៉ាងពិតប្រាកដ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា៕

Daily Program

Livesteam thumbnail