គ្រួសារនីមួយៗបានទទួលអំណោយទានមួយដូចៗគ្នាពីព្រះជាម្ចាស់គឺធម្មជាតិ
គ្រីស្តបរិស័ទ និងសិស្សានុសិស្សប្រមាណ ៥០នាក់ បានចូលរួមកម្មវិធីបោះជំរុំក្រោមប្រធានបទ «គ្រួសារនីមួយៗបានទទួលអំណោយទានមួយដូចៗគ្នាពីព្រះជាម្ចាស់គឺធម្មជាតិ» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅព្រះសហគមន៍ខ្នាចរមាស ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង ដែលរៀបចំឡើងដោយអង្គការជេស្វីតសឺហ្វីសកម្ពុជា (Jesuit Service Cambodia)។
កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាននៃអង្គការជេស្វីតសឺហ្វីសកម្ពុជា បានរៀបរាប់ថា កម្មវិធីបោះជំរុំនេះមានគោលដៅសំខាន់ក្នុងការផ្តល់ចំណេះដឹងដល់យុវជន ឱ្យបានយល់ដឹងអំពីអត្ថន័យ និងខ្លឹមសារដ៏មានតម្លៃចំពោះតួនាទីក្នុងការថែទាំ «ផ្ទះរួមរបស់យើង»។
កម្មវិធីនេះផ្តោតលើការយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានសកល ការបែងចែកសំណល់ក្នុងព្រះសហគមន៍ គុណតម្លៃនៃធនធានធម្មជាតិ ព្រមទាំងការបញ្ជ្រាបការប្តេជ្ញាចិត្តដល់យុវជនម្នាក់ៗឱ្យចូលរួមការពារបរិស្ថាន។ សកម្មភាពទាំងនេះ ក៏ស្របតាមការយកចិត្តទុកដាក់របស់អតីតប្រមុខកំពូលព្រះសហគមន៍កាតូលិក គឺសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅក្នុងសារលិខិត Laudato Si ដើម្បីឱ្យមនុស្សជាតិនៅក្នុងពិភពលោក ចូលរួមថែរក្សាបរិស្ថានដែលជាផ្ទះរួមរបស់ពួកយើងគ្រប់គ្នា។ កញ្ញាអនុប្រធានគម្រោងរូបនេះបានបន្តថា នេះជាកម្មវិធីបោះជំរុំខ្នាតតូចមួយ ដែលមានការចូលរួមពីគ្រីស្តបរិស័ទ អ្នកគ្រូមត្តេយ្យ និងកូនសិស្សសរុបប្រមាណ ៥០នាក់ ដោយចំណាយពេលមួយថ្ងៃមួយយប់។ ក្នុងកម្មវិធីក៏មានការបង្ហាញអំពីតំបន់ការពារធម្មជាតិ និងតំបន់ដែលមានសក្តានុពលមួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ក្រោយបញ្ចប់ការវគ្គបណ្តុះបណ្តាល ក្រុមការងារក៏បានទុកឱកាសឱ្យសិក្ខាកាមចែករំលែកពីចំណេះដឹងដែលទទួលបាន និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារបរិស្ថានជុំវិញខ្លួន ក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងនាមជាជាគ្រីស្តបរិស័ទកាតូលិក។
ដោយឡែក លោកបូជាចារ្យ ជួ ដាម៉ូ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ខ្នាចរមាស នៃភូមិភាគបាត់ដំបង មានប្រសាសន៍ថា កម្មវិធីបោះជំរុំស្តីពីបរិស្ថាននេះ ហាក់បីដូចជាចំណុចថ្មីមួយសម្រាប់បងប្អូន ហេតុនេះយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀតដើម្បីទទួលបានគំនិតថ្មីៗ។ លោកបូជាចារ្យបានបន្ថែមថា៖ «ទៅថ្ងៃមុខ ប្រសិនបើមានយុវជន យុវនារីណាដែលមានចំណាប់អារម្មណ៍ ខ្ញុំនឹងបញ្ជូនពួកគាត់ទៅចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យពួកគាត់មានសមត្ថភាពអាចជួយណែនាំសហគមន៍អំពីបញ្ហាបរិស្ថានទៅតាមតំបន់ដែលពួកគាត់រស់នៅ»។ លោកបូជាចារ្យវ័យក្មេងរូបនេះបន្ថែមថា កម្មវិធីនេះពិតជាមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់យុវជន ព្រោះពួកគាត់ភាគច្រើនមកពីគ្រួសារកសិករ ដូច្នេះនៅថ្ងៃអនាគត បើពួកគាត់យល់ដឹងពីតម្លៃនៃបរិស្ថាន ពួកគាត់នឹងងាកមកប្រើប្រាស់ជីធម្មជាតិ កាត់បន្ថយថ្នាំពុលគីមី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងគ្រឿងជ័រផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។
ទោះបីជាអ្នកចូលរួមភាគច្រើននៅមានវ័យក្មេងក៏ដោយ ប៉ុន្តែកញ្ញា ប៉ាញ ចិន្តា នៅតែរំពឹងថា ការសាបព្រោះចំណេះដឹងបរិស្ថានពេញមួយថ្ងៃនេះ នឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ជីវិតរបស់ពួកគាត់។ ពួកគេនឹងយល់កាន់តែច្បាស់ពីទំនាក់ទំនងរវាងមនុស្ស និងបរិស្ថាន ជាពិសេសធនធានធម្មជាតិដែលជាប្រភពផលិតឧស្ម័នអុកស៊ីសែនឱ្យមនុស្សជាតិដកដង្ហើមរាល់ថ្ងៃ។ មុននឹងបញ្ចប់កម្មវិធី គម្រោងក៏បានផ្តល់ជូននូវដបទឹកបរិស្ថានដល់អ្នកចូលរួម ដែលនេះជាចំណែកមួយយ៉ាងសំខាន់ក្នុងការជម្រុញឱ្យមានការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ដោយ ឆាក លាំង