គណៈមេធាវីកម្ពុជា ប្រកាសបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន
គណៈមេធាវីកម្ពុជា បានប្រកាសបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែក ច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្ដឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋដោយឥតគិតកម្រៃ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc)។
ជាមួយគ្នានេះដែរ ក្រសួងយុត្តិធម៌ បានធ្វើការបញ្ជាក់ជាសាធារណៈផងដែរថា ករណីក្រុមហ៊ុន CIC នេះ ពុំមែនដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ ខណៈមន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃថា រងគ្រោះមានសិទ្ធិដាក់បណ្តឹងទាមទារទៅកាន់សមត្ថកិច្ចបាន។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែល ដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។
ប្រភពដដែលបានបញ្ជាក់ថា ៖ «ដោយបេសកកម្មរបស់វិជ្ជាជីវៈ មេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស»។
សេចក្តីប្រកាសបានបន្តថា ៖ «គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នក ច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្តឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃ»។
គណៈមេធាវីនៃព្រះរាជាណាចក្រ បានបន្ថែមថា ចាប់ពីថ្ងៃទី២៥ ខែមីនាតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc) ហើយមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ឬពឹងពាក់មេធាវីជួយការពារ មកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះ រាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩និងផ្លូវលេខ១៩៣០ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឬទំនាក់ទំនងជាមួយ លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទូរស័ព្ទលេខ ០៧៧- ៣៥២ ២២២ ឬ ០៨៦-៩១៩ ១៦៨ និងលោកមេធាវី យូ លីមហួត ប្រធាននាយកដ្ឋានអធិការកិច្ច ទូរស័ព្ទលេខ ០១៧-៥៨៤ ៤៤៥។ អាស្រ័យហេតុនេះ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន
ទាក់ទងនឹងករណីនេះដែរ ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ ក៏បានប្រកាសឱ្យដឹងដែរថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីនេះ ពុំមែនជដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ។
ក្រសួងបានបញ្ជាក់ថា ករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។
ប្រភពដដែល បានបន្តថា ៖ «កន្លងមក, តាមអ្វីដែលបានដឹងគឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ»។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ៖ «សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក»។
ចំណែក លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងដែរថា ប្រជាពលរដ្ឋទាំងអស់ដែលគិតថាខ្លួនឯងរងគ្រោះ ឬត្រូវបានរំលោភបំពានបាត់បង់ផលប្រយោជន៍ណាមួយ គឺមានសិទ្ធិនៅក្នុងការប្តឹងទាមទារទៅកាន់សមត្ថកិច្ច បើសិនជាមានវត្ថុតាង ឬភស្តុតាងផ្សេងៗជាសំអាង។
លោកបានបន្តថា ៖ «ខ្ញុំអាចជម្រាបជូនថា ទី១ អាចប្តឹងទៅតុលាការក៏បាន ទី២ ប្តឹងមកចំណុះសមត្ថកិច្ចនៃក្រសួងមហាផ្ទៃក៏បាន។ មួយទៀតដែរ ទាក់ទងនឹងការបើកការស៊ើបអង្កេតដែរនោះ ខ្ញុំសុំជម្រាបជូនថា តាមច្បាប់ សមត្ថកិច្ចមានភារកិច្ច តួនាទីក្នុងការតាមដាន ប្រមូលនូវព័ត៌មានក្នុងសង្គមយើងជាប្រចាំថ្ងៃ»។
លោក ទូច សុខៈ បានបន្ថែមទៀតថា ការបើកអង្កេតស្រាវជ្រាវមួយទៀតគឺទាក់ទងនឹងបណ្តឹងរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ឬបុគ្គលណា ក្រុមណា ឬស្ថាប័នណាមួយដែលមានសិទ្ធិនៅក្នុងការប្តឹងនោះ គឺសមត្ថកិច្ចនឹងបើកអង្កេតស្រាវជ្រាវប្រមូលព័ត៌មានដើម្បីស្វែងរកការពិត។
បើតាមលោក ទូច សុខៈ មកដល់ពេលនេះ ជំនាញមួយចំនួនរបស់ក្រសួងមហាផ្ទៃ មិនទាន់បានទទួលពាក្យប្តឹងរបស់ប្រជាពលរដ្ឋដែលអះអាងថាជាជនរងគ្រោះនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខាងជំនាញ បាននិងកំពុងបន្តតាមដាននូវព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕