គណបក្សភ្លើងទៀន ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណា និងសិក្សាឡើងវិញ អំពី សក្តានុពល នៃផលប្រយោជន៍ និងផលប៉ះពាល់នៃគម្រោងCLV-DTA

គណបក្ស ភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍នភថ្ងៃទី២ ខែសីហានេះថា
គណបក្សភ្លើងទៀន មើលឃើញថា ក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនទាំងក្នុង និង ក ប្រទេស បានបង្ហាញក្ដីកង្វល់របស់ខ្លួនជុំវិញការដាក់បញ្ចូលខេត្តចំនួន ៤ របស់កម្ពុជា គឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV DTA) ដែលអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍បានបន្តថា គណបក្សភ្លើងទៀន យល់ឃើញថា ក្ដីកង្វល់របស់ប្រជាពលរដ្ឋខ្មែរ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV DTA) អាចដោយសារកង្វះខាតព័ត៌មាន ដែលរាជរដ្ឋាភិបាល គួរ ធ្វើការពន្យល់ និងបកស្រាយឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យមហាជនបានយល់ច្បាស់អំពី ផលប្រយោជន៍ និង ផលប៉ះពាល់នៃគម្រោងអភិវឌ្ឍតំបន់ត្រីកោណខាងលើនេះ។

ការសម្តែងក្តីកង្វល់របស់ប្រជាពលរដ្ឋខ្មែរ គឺជាការ បង្ហាញអំពីការយកចិត្តទុកដាក់ និងការឈឺឆ្អាលរបស់ប្រជាពលរដ្ឋ អំពីទឹកដីរបស់ខ្លួន ដែលនេះគឺជាកាតព្វកិច្ចរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារអធិបតេយ្យភាព និងបូរណភាព ទឹកដី ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ គណបក្សភ្លើងទៀន គាំទ្រចំពោះគម្រោងសាងសង់«ព្រែកជីកហ្វូណន តេជោ» ដែលគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និង ការវិនិយោគផ្សេងៗ ដែលជាផ្នែកមួយនៃការបើកច្រកសេដ្ឋកិច្ចដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកលើប្រទេសដទៃ។

គណបក្សភ្លើងទៀន ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណា និងសិក្សាឡើងវិញ អំពី សក្តានុពល នៃផលប្រយោជន៍ និងផលប៉ះពាល់នៃគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម(CLV DTA) ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង។

ទន្ទឹមនេះដែរ គណបក្ស ភ្លើងទៀន ជម្រុញ និងលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍតំបន់ត្រីកោណខាងលើដោយខ្លួនឯង ស្របតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំគម្រោងសាងសង់ «ព្រែកជីកហ្វូណន តេជោ» ដើម្បីបើកច្រកសេដ្ឋកិច្ច ដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកលើប្រទេសដទៃ ដែលអាចធានាការពារទាំងស្រុងនូវការបាត់បង់អធិបតេយ្យ- ភាព និងបូរណភាពទឹកដី៕

Daily Program

Livesteam thumbnail