គណបក្សកម្លាំងជាតិ ដាក់លិខិតជូននាយករដ្ឋមន្រ្តីសុំជួយអន្តរាគមន៍ ដល់ពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីដោយការសាងសង់ព្រលានយន្តហោះថ្មី
គណបក្សកម្លាំងជាតិ បានដាក់លិខិតជូនប្រមុខរាជរដ្ឋាភិបាល ស្នើសុំជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយសំណង ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីដោយការសាងសង់ព្រលានយន្តហោះថ្មី នៅឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ការដាក់លិខិតស្នើសុំអន្តរាគមន៍របស់គណបក្សកម្លាំងជាតិ បន្ទាប់ពីប្រជាពលរដ្ឋជាង៤៥០គ្រួសារ មកពីឃុំចំនួនន៣ គឺឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលរងផលប៉ះពាល់ដីធ្លីដោយសារការសាងសង់ព្រលានយន្តហោះថ្មី។
យោងតាមលិខិតផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចុះហត្ថលេខាដោយលោក ជា មុនី ប្រធានស្តីទីគណបក្សកម្លាំងជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋសរុបចំនួន ៤៥៣ គ្រួសារបានរងផលប៉ះពាល់ក្នុងករណីវិវាទដីធ្លី។
ករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋទាំងនេះ មាននៅក្នុងឃុំបឹងខ្យាង និងឃុំព្រែកស្លែង ចំនួន ៣៩គ្រួសារ មានផ្ទៃដីសរុបចំនួនប្រមាណជា ១៦១ ៨៥៩ ម៉ែត្រការ៉េ និងឃុំអំពៅព្រៃចំនួន ៤១៤គ្រួសារ មានផ្ទៃ ដីសរុបចំនួនប្រមាណជា ៨៣ហិចតា នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ជា មុនី បានលើកឡើងទៀតថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយការសាងសង់ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC និងCAIC មានរយៈពេល៥ឆ្នាំមកនេះ ដោយក្រុមហ៊ុននៅមិនទាន់បានដោះស្រាយ ជាសំណងជូនប្រជាពលរដ្ឋនៅឡើយ ដែលបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរយគ្រួសារបានបាត់បង់ដីស្រែចម្ការ និងដឹ លំនៅឋាន ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបញ្ហាប្រឈមជាច្រើនទៀត។
លោកបានបញ្ជាក់ថា ៖ «គណបក្ស កម្លាំងជាតិ យល់ឃើញថា ប្រសិនបើជម្លោះនេះ នៅតែអូសបន្លាយកាន់តែយូរ នោះនឹងធ្វើឱ្យប៉ះ ពាល់ដល់មុខមាត់ កិត្តិយសរបស់រាជរដ្ឋាភិបាល និងអាចធ្វើឱ្យបញ្ហាកាន់តែរីករាលកាន់តែធំឡើងៗ ព្រមទាំងប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរយៈពេលវែងទៀតផង»។
ដើម្បីដោះស្រាយវិបត្តិនេះ ឆ្ពោះទៅយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា គណបក្ស កម្លាំងជាតិ ស្នើសុំ សម្ដេចមហាបថរធិបតី មេត្តាចាត់វិធានការពន្លឿនក្នុងការដោះស្រាយ ដោយផ្តល់នូវសំណងសមរម្យតាមតម្លៃទីផ្សារ ឱ្យបានឆាប់រហ័ស ព្រោះពួកគាត់កំពុងប្រឈមបញ្ហាបន្ទាន់ចំពោះមុខគឺការផ្គត់ ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងបង់ធនាគារជាចាំបាច់។ នេះបើតាមការលើកឡើងបន្ថែមពីលោក ជា មុនី។
តំណាងប្រជាពលរដ្ឋទាំងពីរឃុំ គឺឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបានដាក់លិខិតជូនគណបក្សកម្លាំងជាតិជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី ក្នុងសហគមន៍ ដែលក្រុមហ៊ុនOCIC និងCAIC ដែលជាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី បានឈូសឆាយ រំលោភយកដីធ្លី ប្លង់រឹងស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលពុំទាន់បានដោះស្រាយ និងយល់ព្រមពីប្រជាពលរដ្ឋនៅឡើយ ដោយទីផ្សារបច្ចុប្បន្នទិញចន្លោះ ពី៤០-៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ហើយក្រុមហ៊ុនបានទិញ ត្រឹមតែ ៨ ដុល្លារ ក្នុង១ម៉ែត្រការ៉េ តែប៉ុណ្ណោះ។
តំណាងគ្រួសារទាំងនេះ បានបន្តបញ្ជាក់ថា ៖ «ដូច្នេះយើងខ្ញុំទាំងអស់គ្នាពុំអាចទទួលយកបានទេ ដោយសារតែតម្លៃទីផ្សារដីខាងក្រៅព្រលានថ្លៃជាងពុំអាចទិញ ឬដោះដូស្មើរដើមបានឡើយ»។
សូមរម្លឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឱ្យដំណើរការនៅឆមាសទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕