ក្រោយប្រតិបត្តិការ១៧ថ្ងៃ ឧទ្ធម្ភាចក្រត្រូវបានរកឃើញ

ក្រោយប្រតិបត្តិការរុករក១៧ថ្ងៃ ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានរកឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានអោយដឹងថា៖ «សូម​មជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិ​បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។

នាយឧត្តមសេនីយ៍អ្នកនាំពាក្យ បន្តថា ដោយសារតែអាកាសអំណោយផល ទើបនាំអោយមានការថតឃើញពីលើអាកាស ប៉ុន្តែកម្លាំថ្មើរជើងនៅមិនទាន់ចូលដល់តំបន់ដែល ឧទ្ធម្ភាចក្រធ្លាក់នៅឡើយនោះទេ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្ថែមថា ៖«ខ្ញុំថតពីលើឧទ្ធម្ភាចក្រ ព្រោះអាកាសធាតុល្អ ខ្ញុំឃើញតួរយន្តហោះហើយ ឃើញទង់ជាតិហើយ ប៉ុន្តែគ្រាន់តែយើងមិនទាន់បានដល់ កម្លាំងថ្មើរជើងនៅប្រហែលជិតមួយគីឡូម៉ែត្រទៀតទើបចូលដល់ ព្រោះព្រៃក្រាស់ ហើយភ្នំខ្ពស់ អ៊ីចឹងយើងថតពីលើមេឃបាន ព្រោះអាកាសធាតុល្អ»។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ដោយមានកម្លាំងចូលរួមជាង១០០០នាក់។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងកន្លែងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយៈពេល១៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕

 

Daily Program

Livesteam thumbnail