ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។

គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ដំបូងឡើយ ក្រុមបងស្រីបានចាប់ផ្ដើមបេសកកម្មនៅខេត្តសៀមរាបក្នុងឆ្នាំ២០០៧ តាមរយៈការបង្កើតអង្គការ "Renacer Walk with Women" ដើម្បីជួយសង្គ្រោះស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ស្រ្តីមានផ្ទៃពោះដែលត្រូវបានគេបោះបង់ និងអ្នកដែលចង់ចាកចេញពីរបរពេស្យាចារ ឱ្យមានឱកាសកសាងជីវិតជាថ្មី នៅឆ្នាំ២០១៧ ក្រុមបងស្រីបានពង្រីកសកម្មភាពមកកាន់ទីក្រុង​ភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល រហូតដល់សម្រេចបាននូវការសាងសង់គេហដ្ឋានផ្ទាល់ខ្លួននាពេលនេះ។

លោកអភិបាល សិលា សួន ហង្សលី អភិបាល​ឧបត្ថម្ភកៈ​ភូមិភាគ​ភ្នំពេញ បានមានប្រសាសន៍ក្នុងឱកាសនោះថា គេហដ្ឋាននេះមិនត្រឹមតែជាអគារសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ជួយស្ត្រី និងកុមារដែលសង្គមបោះបង់ឱ្យរកឃើញតម្លៃនៃជីវិត និងអាចរស់នៅក្នុងសង្គមវិញបាន។ លោកបានបញ្ជាក់ទៀតថា ទីតាំងនេះក៏ជាកន្លែងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត និងការអប់រំសម្រាប់កុមារផងដែរ។

លោកអភិបាល​លី សង្កត់​ធ្ងន់ថា «កិច្ចការដែលក្រុមបងស្រីធ្វើ​នៅទីនេះ ណែនាំឱ្យបងប្អូនក្នុងប្រទេសកម្ពុជាបានទទួលការសង្គ្រោះ និងមានរបៀបរស់នៅឱ្យបានល្អប្រសើរ ដើម្បីឱ្យមានសុខដុមនីយកម្មក្នុងក្រុមគ្រួសារ និងក្នុងចំណោមបងប្អូនដែលរស់នៅទីនេះ។»

បច្ចុប្បន្ន គេហដ្ឋាននេះមានស្ត្រីចំនួន ៥ នាក់ និងកុមារចំនួន ៧នាក់កំពុងស្នាក់នៅ។ កញ្ញា សេង សុវណ្ណ បុគ្គលិកវេនយប់ដែលបានធ្វើការនៅទីនោះអស់រយៈពេល ៤ឆ្នាំ បានរៀបរាប់ពីការទទួលខុសត្រូវរបស់ខ្លួនថា ក្រៅពីការមើលថែទាំទូទៅ ក្រុមការងារក៏បានផ្ដល់ការបង្រៀនបន្ថែមនូវមុខវិជ្ជាភាសាអង់គ្លេស និងគណិតវិទ្យាដល់កុមារ ដើម្បីធានាថា ពួកគេទទួលបានការអប់រំត្រឹមត្រូវ។

បងស្រី ពីឡា កាសាស​ ណាវ៉ារ៉ូ ជា​ប្រធាន​ក្រុមបងស្រីនមស្ការទូទាំង​ពិភពលោក និង​ជា​ប្រធាន​នៃអង្គការ​ Renacer Walk with Women បានបញ្ជាក់ថា ការរចនាគេហដ្ឋានថ្មីនេះគឺសង្កត់ធ្ងន់លើ "ភាពបើកចំហ" ដោយប្រើប្រាស់ជញ្ជាំងកញ្ចក់ជំនួសឱ្យជញ្ជាំងបិទជិត។ បងស្រី​បានពន្យល់ថា នេះគឺជាសារមួយផ្ញើទៅកាន់ស្ត្រីរងគ្រោះថា ពួកគេត្រូវ "បើកចិត្ត" ដើម្បីទទួលយកជីវិតថ្មី ស្របតាមអត្ថន័យនៃឈ្មោះ "Renacer" ដែលមានន័យថា "ការកើតជាថ្មី"។

បងស្រី​ប្រធាន​រូបនេះ បន្ថែមថា គេហដ្ឋាននេះគឺជាសុបិនដែលក្លាយជាការពិតសម្រាប់ទាំងក្រុមបងស្រី និងស្ត្រីរងគ្រោះ «យើងមិនមែននៅទីនេះគ្រាន់តែដើម្បីធ្វើការ ឬធ្វើគម្រោងនោះទេ ប៉ុន្តែយើងនៅទីនេះដើម្បីបេសកកម្ម។ បេសកកម្មនោះគឺការស្រឡាញ់ និងការបម្រើ។ គេហដ្ឋានថ្មីនេះគឺជាសុបិនរបស់យើង... ដើម្បីឱ្យពួកគេ (ស្ត្រី និងកុមារ) មានអារម្មណ៍ថាដូចជានៅក្នុងផ្ទះ នៅក្នុងគ្រួសារ។ នេះគឺជាចំណុចសំខាន់បំផុតសម្រាប់ពួកគេ ដើម្បីស្វែងរកសេចក្តីថ្លៃថ្នូរ សេចក្តីសង្ឃឹម និងជីវិតថ្មី។»

ទន្ទឹមនឹងនេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនោះ បានសង្កត់ធ្ងន់ពីតម្លៃនៃវត្តមានរបស់ក្រុមបងស្រីនៅក្នុងសហគមន៍ថា «វត្តមានរបស់បងស្រីនៅទីនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រព្រះសហគមន៍យើង ដែលរស់ឡើងវិញ និងបន្តបេសកកម្មរបស់ព្រះយេស៊ូ។ គេហដ្ឋាននេះនឹងក្លាយជាកន្លែងដែលនាំមកនូវពន្លឺ និងក្តីសង្ឃឹមសម្រាប់អ្នកដែលកំពុងស្ថិតក្នុងភាពងងឹត។»

លោកអភិបាល អូលីវីយ៉េ ក៏បានបន្ថែមថា កិច្ចការដែលក្រុមបងស្រីកំពុងធ្វើ គឺជាការដើរទន្ទឹមគ្នាជាមួយនឹងព្រះសហគមន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មនុស្សដែលងាយរងគ្រោះបំផុតក្នុងសង្គម។

បច្ចុប្បន្ន​​ក្រុមបងស្រី​នមស្ការ​មាន​បេសកកម្ម​ចំនួន​២​កន្លែង មួយគឺនៅ​ខេត្ត​បន្ទាយមានជ័យមានសមាជិក​ចំនួន​២​រូប និងមួយទៀត​គឺនៅ​ភ្នំពេញមាន​សមាជិក​ចំនួន​៥​រូប​។​

ពិធីសម្ពោធនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាលបំផុត ដោយមានការចូលរួមអបអរសាទរពីសំណាក់លោកអភិបាលទាំងពីរ​អង្គ លោកបូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទជាច្រើនកុះករ​ ដែលជាសញ្ញានៃសាមគ្គីភាពក្នុងការគាំទ្រដល់កិច្ចការមនុស្សធម៌នៅកម្ពុជា៕

ដោយ កែវ កញ្ញា

 

Daily Program

Livesteam thumbnail