ក្រសួង​កសិកម្ម ប្រកាស​ឱ្យប្រជាពលរដ្ឋប្រយ័ត្ន​ និង​អាចប្តឹង ឬរាយការណ៍​ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុ

រដ្ឋបាលព្រៃ​ឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋអាចប្ដឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស និងអំពាវនាវ​កុំព្រលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា ​ក្នុងគោលបំណ​ង​សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ​បានប្រកាសដាក់លេខទំនាក់ទំនង Hotline សម្រាប់ប្រជាពលរដ្ឋអាចប្ដឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស។

សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួននេះ។

ស្វាដែលចាប់បានទាំងនេះ នឹងយកទៅព្រលែងក្នុង ព្រៃធម្មជាតិដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិ ឬយកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាម សួនសត្វ អាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយៗ។

រដ្ឋបាលព្រៃឈើ បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយសហការ និងមេត្តាយោគយល់នូវការរំខាន ណាមួយជាយថាហេតុ និងសូមប្រជាពលរដ្ឋទាំងអស់មេត្តាកុំព្រលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា ហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វាដើម្បីធានាសុវត្ថិភាពបញ្ចៀសការបង្កគ្រោះថ្នាក់ ណាមួយដោយសត្វស្វាទាំងនេះ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ៕

Daily Program

Livesteam thumbnail