ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសពីការដាក់ប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា។

បើតាមក្រសួងអប់រំ ការប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នឹងត្រូវធ្វើឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសា ចាប់តាំងពីឆ្នាំ២០០៣ ដោយមានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍជាច្រើន ព្រមទាំងសមាគមមួយចំនួនទៀត ដែលបាននិងកំពុងធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំ ដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិចប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្ដល់ឱកាសការងារដល់ជនជាតិដើមភាគតិច ធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ៕

 

Daily Program

Livesteam thumbnail