ក្រសួងអប់រំជំរុញឱ្យគ្រឹះស្ថានមធ្យមសិក្សា ធ្វើតេស្តសិស្សនៅដើមឆ្នាំ ដើម្បីបំប៉នសិស្សខ្សោយជាប្រចាំ

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យគ្រឹះស្ថានមធ្យមសិក្សា ត្រូវធ្វើតេស្ដនៅដើម្បីឆ្នាំ ដើម្បីរៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ លើការអាន ការសរសេរ គណិតវិទ្យា និងមុខវិទ្យាសំខាន់ៗផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងឱកាសទស្សនកិច្ច ស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

តាមប្រសាសន៍លោក ហង់ជួន ណារ៉ុន នៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំ ដើម្បីរៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ លើការអាន ការសរសេរ គណិតវិទ្យា និងមុខវិទ្យាសំខាន់ៗផ្សេងទៀត។ ជាមួយគ្នានោះ បើសិនតេស្តស្តង់ដាត្រូវចំណាយថវិកាច្រើន មិនចាំបាច់ធ្វើប្រចាំខែនោះទេ អាចធ្វើប្រចាំត្រីមាស តែត្រូវមានផែនការបំប៉នសិស្សខ្សោយឱ្យបានច្បាស់លាស់ ដោយសារអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទាបជាងអត្រាថ្នាក់ជាតិ។ លើសពិនេះ សាលាត្រូវបង្កើនអត្រាសិស្សជាប់និទ្ទេស A B C ឱ្យបានច្រើនជាង ៣០%។

ជាមួយគ្នានោះ លោក ហង់ជួន ណារ៉ុន ក៏បានណែនាំឱ្យមានការរៀបចំទស្សនកិច្ចសិក្សាទៅសាលាដែលទទួលបានពានរង្វាន់សាលារៀនគំរូ ដើម្បីសិក្សាស្វែងយល់បន្ថែមពីគន្លឹះមួយចំនួន ដើម្បីប្រែក្លាយឱ្យទៅជាសាលារៀនគំរូ។ ក្រុមការងារថ្នាក់ក្រសួង នឹងចុះមកជួយពិនិត្យមើលជាប្រចាំ លើការរៀន និងបង្រៀន ការអនុវត្តស្តង់ដាសាលារៀនគំរូ ក៏ដូចជាបំប៉នសិស្សថ្នាក់ទី១២។

សូមជម្រាបថា កាលពីពេលកន្លងទៅសម្ដេច ហ៊ុន ម៉ាណែត បានបង្កើតលេខាធិការដ្ឋាន និងជ្រើសរើសសាលាចំនួន៤៣ ជាការសាកល្បងក្នុងការអនុវត្តកម្មវិធីសិក្សាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីជាគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ៕

 

Daily Program

Livesteam thumbnail