ក្រសួងសុខាភិបាលណែនាំពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែន
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនសេចក្តីណែនាំដល់បណ្តាខេត្តជាប់ព្រំដែនទាំងអស់ ពង្រឹងវិធានការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ទៅនឹងការឆ្លងរីករាលដាលជំងឺនៅតាមច្រកចេញ ចូលប្រទេស លើជំងឺឆ្លងមួយចំនួន ដូចជា អឹមផក ផ្តាសាយបក្សី អង់ត្រាក់។
សេចក្តីណែនាំចុះថ្ងៃទី ២៣ ខេសីហា ឆ្នាំ២០២៤ បានអោយដឹងថា បច្ចុប្បន្នមានការផ្ទុះឡើងនសជំងឺ អឹមផក (Mpox) ដែលអង្គការសុខភាពពិភពលោក បានប្រកាសជាគ្រោះអាសន្ន សុខភាពសាធារណៈគួរអោយព្រួយបារម្មជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។
ប្រភពដដែល បន្ថែមថា យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជាមានជំងឺផ្តាសាយបក្សី (H5N1) ចំនួន៧២ករណី (ស្លាប់៤៣ករណី) និងជំងឺអឹមផក (Mpox) ចំនួន២០ករណី (គ្មានករណីស្លាប់)។
ក្រសួងសុខាភិបាល ស្នើអភិបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ក្នុងការតាមដាន និងទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនាន ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជំងឺនៅតាមច្រកចេញចូលប្រទេស ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា។
ក្រសួងសុខាភិបាល បន្តក្រើនរំលឹកការធ្វើចត្តាឡីស័ក តាមដាន និងទប់ស្កាត់ជំងឺឆ្លងនៅតាមច្រកចេញចូលប្រទេស ស្ថិតក្រោមដែនសមត្ថកិច្ចរបស់អភិបាលខេត្តជាប់ព្រំដែននីមួយៗ ដោយរៀបចំចាត់ចែមន្ត្រីចត្តាឡីស័កប្រចាំការនៅស្នាក់ការត្រួតពិនិត្យច្រកចេញចូលប្រទេស៕