ក្រសួងយុត្តិធម៌កំពុងតាមដានអ្នកធ្វើសកម្មភាព«អូសទាញពលរដ្ឋស្លូតត្រង់»ធ្លាក់ក្នុងសកម្មភាពខុសច្បាប់
ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោតរបស់ក្រុមជ្រុលនិយម។ ក្រសួងយុត្តិធម៌ កំពុងតាមដាន និងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលពាក់ព័ន្ធផែនការនេះគឺជា "បទល្មើសឧបឃាត" ហើយបុគ្គលដែលចូលរួមក្នុងគម្រោងនេះត្រូវប្រឈមនឹង "បទល្មើសរួមគំនិតក្បត់"។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសជូនសាធារណជនជាតិ និងអន្តរជាតិ ថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុង ស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
ក្រសួងយុត្តិធម៌ បានតាមដានករណីនេះ ដោយយកចិត្ត ទុកដាក់ និងចុងក្រោយនេះ, សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាក្តាប់បានយ៉ាងច្បាស់លាស់នូវភស្តុតាង ដែល បង្ហាញថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំង នឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្ដែងមតិតាមច្បាប់នោះទេ ប៉ុន្តគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយ បោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើ បាតុកម្មបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
សកម្មភាពជុំវិញផែនការនេះគឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូន អំពីទិដ្ឋភាពច្បាប់ ដែលត្រូវអនុវត្តចំពោះករណីផែនការបដិវត្តន៍ពណ៌ខាងលើ ជាពិសេសចំពោះមេខ្លោងដឹកនាំ អនុវត្តផែនការនេះ៕