ក្រសួងព័ត៌មាននឹងប្រកាសដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» នាពេលឆាប់ៗនេះ

ក្រសួងព័ត៌មាន ​បានចេញសេចក្តីជូនដំណឹងនាថ្ងៃទី​១៨ ខែកក្កដានេះថា ក្រសួងព័ត៌មាន គោរពនិងពង្រឹងសិទ្ធិទទួលព័ត៌មាន ហើយបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ។

ក្រសួងបន្តថា ការអនុវត្តនិងគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងនោះរួមមាន អ្នកកាសែត អ្នកផលិតមាតិកាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងអ្នករកប្រាក់តាមអនឡាញ (MMO)។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ «ក្រសួងព័ត៌មាននឹងប្រកាសដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់នៅកម្ពុជាគោរពនិងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ»។

ក្រសួង​បន្តថា ក្រសួង​បន្តពង្រឹងទៅលើ​សណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់ និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាបណ្ណពីក្រសួងព័ត៌មានបានផ្តល់ជូនទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយពីច្បាប់ស្តីពីរបប សារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន។

«​ក្រសួងព័ត៌មានសូមជូនដំណឹងដល់ អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងMMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចែកចាយ ព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន»។

ក្រសួង​បានក៏បានបញ្ជាក់ដល់សាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន ត្រូវរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ឬដាក់ពាក្យបណ្តឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងមាន វិធានការតាមនីតិវិធីច្បាប់៕

 

Daily Program

Livesteam thumbnail