ក្រសួងកសិកម្មជំរុញឱ្យពលរដ្ឋដាំ«ស្រូវសែនក្រអូប០១»ដោយសារមានតម្លៃខ្ពស់

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងកសិកម្មលើកទឹកចិត្តឱ្យពលរដ្ឋងាកមកដាំពូជស្រូវសែនក្រអូប ០១ ដោយសារតែវាជាពូជស្រូវស្រាល មិនប្រកាន់រដូវ និង អាចដាំដុះបាន ២-៣ដងក្នុងមួយឆ្នាំ ជាពិសេស រោងម៉ាស៊ីនកិនស្រូវ និង សហព័ន្ធស្រូវអង្ករ បានប្ដេជ្ញាចិត្តលើកកម្ពស់ពូជស្រូវនេះ នៅលើទីផ្សារទាំងជាតិ និង អន្ដរជាតិ ដោយទទួលទិញពីប្រជាកសិករ ក្នុងតម្លៃខ្ពស់ជាងពូជផ្សេងៗ ដែលប្រទេសជិតខាងទទួលទិញដូចជា អ៊ីអ៊ែរ និង អូអឹម (OM) ជាដើម។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បាននិយាយដែរថា ស្រូវសែនក្រអូបមានទីផ្សារល្អ ទាំងនៅប្រទេសថៃ អឺរ៉ុប និងទីផ្សារប្រទេសចិន។ នៅចុងឆ្នាំ២០២៣ ក្នុងឱកាសប្រកួត អង្ករសែនក្រអូបជាប់ខំណាត់ថ្នាក់លេខ១ ជាអង្ករដែលឆ្ងាញ់។ ជាមួយគ្នានោះ លោក គង់ គា អំពាវនាវដល់ប្រជាកសិករ ឱ្យដាំដុះពូជខ្មែរ កុំពឹងទៅលើពូជនាំចូល ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ នៅពេលគេមិនទទួលទិញ។ ខណៈពូជស្រូវសែនក្រអូប០១ជាពូជរបស់ខ្មែរ និងមានទីផ្សារស្រាប់ទាំងនៅប្រទេសចិន និងអឺរ៉ុប។

សូមជម្រាបថា ស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ ស្រូវសែនក្រអូប០១ ត្រូវបានវាយតម្លៃទាំងនៅស្ថានីយ និងទីវាល ដោយមានការចូលរួមរបស់កសិករ និងឃើញថាពូជស្រូវសែនក្រអូប០១ ទទួលបានការគាំទ្រច្រើន ជាពិសេសសហព័ន្ធស្រូវអង្ករ បានឃើញថាអង្ករសែនក្រអូប០១ មានលក្ខណៈល្អ អង្ករក្រអូប និងបាយទន់ឆ្ងាញ់ពិសារ ទើបក្រសួងកសិកម្មសម្រេចបញ្ចេញពូជស្រូវសែនក្រអូប០១ សម្រាប់កសិករប្រើប្រាស់៕

Daily Program

Livesteam thumbnail