កូនស្រីពៅ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី

រដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បានសម្រេចបោះឆ្នោតជ្រើសតាំងលោកស្រី ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង។

លោកស្រី ផែថោងថាន ស៊ីណាវ៉ាត់ ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បី​ក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឱ្យអ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី Yingluck ផងដែរ ហើយថែមទាំងជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ Shinawatra បន្ទាប់ពីលោក Thaksin លោកស្រី Yingluck និងលោក Somchai Wongsawat ដែលត្រូវជាពូសាច់ថ្លៃរបស់លោកស្រី Paetongtarn។

សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានប្រកាសជ្រើសរើសអ្នកស្រី ផែថោងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។

នៅព្រឹកថ្ងៃទី១៦ ដដែល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារពិសេសមួយ អបអរសាទរលោកស្រី ផែថោងថាន ស៊ីណាវ៉ាត់​ ដែលបានក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី។

យោងសារលិខិតអបអរសារទរ​របស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ៖«ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះការតែងតាំងលោកជំទាវ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលនេះ ​ជា​សក្ខីភាព​បញ្ជាក់​ពី​ទំនុក​ចិត្ត​ ​ប្រជាជន​ថៃ​មាន​ក្នុង​ការ​ដឹក​នាំ​របស់​លោកជំទាវ»​។

សម្តេចធិបតី បន្តថា​ ៖«តាមរយៈការចែករំលែកប្រវត្តិសាស្រ្តដ៏យូរលង់នៃទំនាក់ទំនងវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក កម្ពុជា និងថៃ ទំនាក់ទំនងទ្វេភាគីយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនរបស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ យើងនឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង»។

ប្រភពដដែល បន្ថែមថា សម្តេចធិបតីទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ ផែថោងថាន ស៊ីណាវ៉ាត់ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសជិតខាង និងប្រជាជនទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ។

លោកស្រីជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន SC Asset Corporation Public Company Limited និងជាក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thaicom Foundation។ លោកស្រីក៏មាន ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះរួមមានសណ្ឋាគារ Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails ហើយគិតជាសរុបអ្នកស្រីមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនចំនួន២១។

លោកស្រី ផែថោងថាន បានប្រឡូកចូលនយោបាយជាផ្លូវការក្នុងអាយុ៣៦ឆ្នាំ និងត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ហើយ បានក្លាយជាមេដឹកនាំគណបក្សមួយនេះកាលពីខែតុលា ឆ្នាំ២០២៣។ លោកស្រីគឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ជាមួយលោកស្រី Khunying Potjaman Damapong។ លោកស្រី ផែថោងថាន បានរៀបការជាមួយលោក Pidok Sooksawas ជាពីឡុតបើកយន្ដហោះអាកាសចរណ៍ស៊ីវិល និងមានកូន២នាក់៕

 

Daily Program

Livesteam thumbnail