កិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់បន្ទាប់ គ្រោងរៀបចំនៅខែមិថុនា
វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់ដំបូងក្រោមការចូលរួមដោយផ្ទាល់ដោយសម្តេចប៉ាបឡេអូទី១៤បានបញ្ចប់ កាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់គ្រោងនឹងរៀបចំនៅក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២៦នេះ ។
ប្រភពដដែលបានបន្តទៀតថា កិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់ជុំថ្មី ក៏នឹងរៀបចំនៅក្នុងរយៈពេល២ថ្ងៃដូចគ្នានឹងកិច្ចប្រជុំដំបូងនេះដែរ ប៉ុន្តែគ្រាន់តែដឹងថា កិច្ចប្រជុំលើកក្រោយគឺគៀកនឹងការរៀបចំពិធីបុណ្យគោរពសន្តសិលា និង សន្តប៉ូល ។
នៅក្នុងកិច្ចប្រជុំដំបូងនេះ សម្តេចប៉ាបឡេអូ បានមានបន្ទូលអរគុណអស់លោកកាឌីណាល់ដែលមានសិទ្ធិបោះឆ្នោតនិងមិនមានសិទ្ធិបោះឆ្នោតសរុប ១៧០ នាក់ ជាពិសេសអស់លោកកាឌីណាល់ដែលជរា ប៉ុន្តែនៅតែមកចូលរួម ហើយក៏សំដែងការនឹករលឹកដល់អស់លោកកាឌីណាល់ដែលអវត្តមាន ដោយសារតែហេតុផលផ្សេងៗ ។
សម្តេចប៉ាបឡេអូបានវាយតម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់ថា គឺសំខាន់ ហើយវាផ្តល់នូវធាតុចូលដែលគេអាចកំណត់ទុកជាមុនបាននូវដំណើរអនាគតរបស់ព្រះសហគមន៍កាតូលិកនឹងត្រូវឆ្លងកាត់នៅពេលខាងមុខ៕