ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ធ្វើឲ្យអំណាចចិនចុះខ្សោយនៅតំបន់អាម៉េរិកឡាទីន
ការចាប់ខ្លួនរបស់អាម៉េរិកលើលោកនីកូឡាស៍ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា គឺសំដៅលើរឿងដទៃទៀត សម្រាប់ទីក្រុងវ៉ាស៊ីនតុន។ វាបញ្ជាក់ឡើងវិញតាមរបៀបឃោរឃៅ ដែលថា វ៉េណេហ្ស៊ូអេឡា និងអាម៉េរិកឡាទីន ជាទូទៅស្ថិតនៅក្នុងដែនឥទ្ធិពលរបស់អាម៉េរិក។ នេះគឺសារពិសេសដែលផ្ញើទៅកាន់ប្រទេសចិន ដែលនឹងរងហានិភ័យនៃការលំបាកដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់។
លោកស្រីអាម៉ាឡង់ឌូ មីស្រា អ្នកឯកទេសនៃទំនាក់ទំនងអន្តរជាតិប្រទេសសកលខាងត្បូង នៅទីក្រុងឡេនកាស្តើ អង់គ្លេស បញ្ជាក់ថា គេអាចនិយាយថា ការដួលរលំនៃមេដឹកនាំឆាវ៉េសនិយមនៅប្រទេសវ៉េណេហ្ស៊ូអេឡា កើតមាននៅប្រទេសតំបន់អាម៉េរិកឡាទីន ដែលជាកន្លែងដែលចិនវិនិយោគច្រើនបំផុត។ លោកស្រីអាម៉ាឡង់ឌូ មីស្រា អះអាងបន្តថា នៅចន្លោះឆ្នាំ២០០០ និងសព្វថ្ងៃ ប្រទសចិនបានផ្តល់កម្ចី ១០០ពាន់លានដុល្លារឲ្យប្រទេសវ៉េណេហ្ស៊ូអេឡា។ វាជិតស្មើ ៣៩% នៃកម្ចីទាំងអស់ដែលទីក្រុងប៉េកាំងបានផ្តល់សម្រាប់ប្រទេសតំបន់អាម៉េរិកខាងត្បូង”។ អ្នកឯកទេសបន្តទៀតថា ជាប្រវត្តិសាស្រ្ត វ៉េណេហ្ស៊ូអេឡា ដែលមានមនោគមន៍វិជ្ជាខិតជិតទីក្រុងប៉េកាំង បានបម្រើជាទ្វារចូលរបស់ប្រទេសចិនដើម្បីចាប់ផ្តើមចំណេញឥទ្ធិពលនៅអាម៉េរិកឡាទីននៅក្នុងយុគសម័យដែលសហរដ្ឋអាម៉េរិកមានគោលនយោបាយទន់ភ្លន់ច្រើននៅក្នុងតំបន់នេះ។”
ទំនាក់ទំនងល្អរវាងទីក្រុងប៉េកាំង និងរបបលោកឆាវ៉េស បានរស់រានបន្ត បន្ទាប់ពីការស្លាប់របស់លោកហ៊ូហ្គូ ឆាវ៉េសនៅឆ្នាំ២០១៣ ដែលលោកនីកូឡា ម៉ាឌូរ៉ូ ជាអ្នកស្នងបន្ត។ មុនប៉ុន្មានម៉ោងនៃប្រតិបត្តិការយោធារបស់អាម៉េរិកចាប់រូបលោក មនុស្សម្នាក់ក្នុងចំណោមមនុស្សចុងក្រោយៗ ដែលលោកនីកូឡា ម៉ាឌូរ៉ូ បានជួប គឺជាបេសកជនពិសេសរបស់ចិនដែលទីក្រុងប៉េកាំងបញ្ជូនមកមកកាន់វ៉េណេហ្ស៊ូអេឡា គឺលោកឈៀវ ស៊ែរឈី ដែលមកបញ្ជាក់សាជាថ្មីអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកម៉ារីយ៉ូ អេស្តេបាន គឺជានាយកនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីអាស៊ីបូព៌ានៅសកលវិទ្យាល័យស្វ័យតទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលបានធ្វើការ លើទំនាក់ទំនងរវាងចិន និងអាម៉េរិកឡាទីន។ លោកម៉ារីយ៉ូ អេស្តេបាន បញ្ជាក់ថា បេសកកម្មចិនគឺជាអនាគតនៃទឹកប្រាក់កម្ចី ដែលមេដឹកនាំចិនតែងព្រួយបារម្ភនៅពេលនេះ ហើយដែលមួយផ្នែកធំត្រូវបានសងរួចហើយតាមរយៈវត្ថុធាតុដើម។ វ៉េណេហ្ស៊ូអេឡាគឺជាឧទាហរណ៍នៃគំរូប្រទេសអង់ហ្គោឡា មានន័យថា សម្រាប់ប្រទេសទាំងនេះ ប្រទេសចិនឲ្យខ្ចីលុយ ហើយត្រូវសងត្រឡប់មកវិញជាប្រេង។ ទិន្នន័យពិតប្រាកដមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ តាមការវាយតម្លៃដែលបានធ្វើដោយ ប៊ីយ៉នអរីហ្ស៉ន (Beyond Horizon) ដែលជាមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តប៊ែលហ្ស៊ិក បានឲ្យដឹថា នៅដំណាច់ឆ្នាំ២០២៥ ទីក្រុងការ៉ាកាសនៅជំពាក់ទឹកប្រាក់ទីក្រុងប៉េកាំងច្រើនជាង ១២ពាន់លានដុល្លារ។
លោកហ្គូនថើ មេហូលដ៍ អ្នកឯកទេសអាម៉េរិកឡាទីននៅសកលវិទ្យាល័យលីប្រ៍ ទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង អះអាងផងដែរថា ៖ “វាគឺច្បាស់ថា ប្រទេសចិននឹងមានកន្លែងនៅតុចរចាដើម្បីដឹងថា នៅលំដាប់ណាដែលឥណទានរបស់វ៉េណេហ្ស៊ូអេឡានឹងត្រូវសងវិញ និងដោយរបៀបណា?”
ចំណែកលោកដូណាល់ ត្រាំ បានអះអាងថា ក្រុមហ៊ុនប្រេងអាម៉េរិកអាចនឹងបន្តលក់ប្រេងរបស់វ៉េណេហ្ស៊ូអេឡា រួមទាំងលក់ឲ្យប្រទេសចិនផង នៅពេលដែលពួកគេនឹងស្តារនូវវិស័យប្រេងរបស់ប្រទេសនេះឲ្យមានស្ថិរភាពឡើងវិញ។
លោកស្រីកាឡូតា រីណូដូ អ្នកឯកទេសប្រទេសចិននៅក្រុមអន្តរជាតិសម្រាប់ការសិក្សាសន្តិសុខវ៉េរ៉ូណា នៅប្រទេសអ៊ីតាលី វាយតម្លៃថា គេមិនអាចនិយាយបានថា ទីក្រុងប៉េកាំងនឹងចង់បង់ប្រាក់ឲ្យក្រុមហ៊ុនអាម៉េរិកសម្រាប់ប្រេងរបស់ខ្លួននោះទេ។