កាឌីណាល់មួយរូបថា សង្គ្រាមគ្មានប្រយោជន៍សម្រាប់នរណាទាំងអស់

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានថ្លែងនៅពេលអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីថ្វាយអភិបូជា ក្នុងតំបន់អាំប្រៀ( Umbria ) របស់ប្រទេសអ៊ីតាលីថា សង្រ្គាមគ្មានប្រយោជន៍សម្រាប់នរណាទាំងអស់។​

លោកកាឌីណាល់ក៏បានមានប្រសាសន៍ដោយសង្កត់ធ្ងន់នៅលើបន្ទូលរបស់សម្តេចប៉ាបដែលទ្រង់តែងតែ រំឭកឡើងវិញនូវការអង្វររបស់ទ្រង់សុំឲ្យមាន​សន្តិភាពនៅលើ​ពិភពលោក។

វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រសាសន៍របស់លោកកាឌីណាល់នេះ គឺត្រូវបានដកស្រង់នៅពេលដែលពិភពលោកជា​ពិសេសនៅអឺរ៉ុបកំពុង​ព្រួយ​បារម្ភ​ចំពោះ​វិវដ្ដ​ចុងក្រោយ​នៃ​សង្រ្គាម​នៅ​អ៊ុយក្រែន ក្រោយពេលដែលអ៊ុយក្រែនបានសម្រេចចិត្តបញ្ជូនកងទ័ពលុកលុយចូលប្រទេសរុស្ស៊ី។​

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍នេះ លោកកាឌីណាល់ ដែលទើបតែបានបំពេញបេសកកម្មនៅអ៊ុយក្រែនក្នុងខែកក្កដា លោកបានអត្ថាធិប្បាយអំពីការលុកលុយនាពេលថ្មីៗនេះរបស់​កងទ័ពអ៊ុយក្រែន នៅតំបន់ព្រំដែនរុស្ស៊ីខាងលិចថា ការ​វាយលុកនេះ​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​កាន់តែ​ខ្លាំង​ឡើង។

លោក​បាន​បន្ត​ថា​ «​ទាំង​នេះ​គឺ​ជា​វិវដ្ដសភាពការណ៍​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ​ព្រោះ​វា​មាន​ន័យ​ថា​បើក​មុខ​ថ្មី​»«ក្នុងន័យនេះ ឱកាសសម្រាប់សន្តិភាពអាចកាន់តែឆ្ងាយទៅៗ»

លោកកាឌីណាល់ ក៏បានគូសបញ្ជាក់អំពីតម្រូវការនៃសេចក្តីស្រឡាញ់នៅលើពិភពលោកថា នៅលើពិភពលោកនាពេលសព្វថ្ងៃនេះមនុស្សជាតិកាន់តែខ្វះសេចក្ដីស្រឡាញ់ ហើយមនុស្សកំពុងតែស្រេកឃ្លាននូវសេចក្តីស្រលាញ់។

លោកកាឌីណាល់ បានគូសបញ្ជាក់ចំណុចនេះ នៅពេលនិយាយជាមួយអ្នកសារព័ត៌មានមុនពិធីបូជា ថា យើងគួរតែរៀនថ្ងៃនេះ ដើម្បីផ្តាច់ខ្លួនពី​ភាពអាត្មានិយមរបស់យើង ក៏ដូចជាផ្តាច់ខ្លួនចេញពីការជឿជាក់ផ្ទាល់ខ្លួន និងការក្លែងបន្លំរបស់យើងពេក។ សូមបើកចិត្តយើងឲ្យ​ទូលាយដល់អ្នកដទៃជាមួយនឹងវិធីសាស្រ្តភាតរភាព និងសន្តិភាព៕

Daily Program

Livesteam thumbnail