កម្មវិធីសំណេរអង្គរ នឹងអភិរក្សអក្សរសាស្ត្រខ្មែរ

កម្មវិធីសំណេរអង្គរលើកទី៣ នឹងប្រារព្ធនៅថ្ងៃទី១៨ ខែមករានេះ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមរហូតដល់ ១ ៨៦០អង្គ/នាក់។

លោក លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរថ្លែងថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នឹងប្រព្រឹត្តិទៅតាមផែនការគ្រោងទុក គឺនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ ដែលមានបេក្ខជន បេក្ខនារី និងបេក្ខសមណៈ ចំនួន១៨៦០អង្គ/នាក់ មកពី២៥រាជធានីខេត្តទូទាំងប្រទេស ចូលរួមប្រកួតប្រជែងសរសេរសំណេរ នៅលើស្ពានហាលខាងមុខប្រាសាទអង្គរវត្ត។

លោកថា ក្នុងចំណោមបេក្ខជន បេក្ខនារី និងបេក្ខសមណៈ ទាំង១៨៦០អង្គ/នាក់ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ ហាក់មានលក្ខណៈវិសេសវិសាល ដោយឆ្នាំនេះ មានកុមារអាយុចាប់ពី៥ឆ្នាំ និងមនុស្សធំមានវ័យរហូតដល់៨២ឆ្នាំ រួមទាំងមានជនបរទេសផង បានចូលរួមប្រកួតសរសេរសំណេរជាសាធារណៈនេះ។

លោក លឹម ប៊ុនហុក ថ្លែងបន្តថា សំណេរអង្គរ បានបើកទូលាយជាសាធារណៈ មិនប្រកាន់អាយុ ពណ៌សម្បុរ ឬមជ្ឈដ្ឋានសង្គមណាមួយឡើយ ព្រោះគោលដៅសំខាន់បំផុតនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចលនាមហាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់អាយុឱ្យចូលរួម ដើម្បីបណ្តុះគំនិត ឱ្យចេះស្រឡាញ់ អភិរក្ស លើកស្ទួយអក្សរសាស្ត្រខ្មែរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សំណេរអង្គរ ជាកម្មវិធីមួយមានអត្ថប្រយោជន៍ និងជាការចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ ហេតុដូច្នេះការជ្រើសរើសទីតាំងស្ពានហាលខាងមុខប្រាសាទអង្គរ ពិតជាសាកសម ព្រោះអង្គរជានិមត្តរូបរបស់ជាតិ។ លោកថា សំណេរអង្គរ ក៏ជាការដាស់តឿន ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអភិរក្សអក្សរសាស្ត្រខ្មែរ និងក៏ជាព្រឹត្តិការណ៍មួយ អាចទាក់ទាញទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនារមណីយដ្ឋានអង្គរឬចូលរួមផងដែរ។

សំណេរអង្គរលើកទី៣ នឹងរៀបចំនៅព្រឹកម៉ោង៧ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ នេះជា ឆ្នាំទី៣ហើយ នៃព្រឹត្តិការណ៍សំណេរអង្គរ ដែលបានទាក់ទាញ មហាជន ព្រះសង្ឈ រួមទាំងជនបរទេសផង មកចូលរួមយ៉ាងច្រើនកុះករ៕

 

 

 

Daily Program

Livesteam thumbnail