កម្មវិធីទូរស័ព្ទឆ្លាតវៃជួយកុមារតូចៗក្នុងការហាត់សរសេរអក្សរខ្មែរ Khmer PenPal

Khmer PenPal គឺជាកម្មវិធីទូរស័ព្ទឆ្លាតវៃ (AI) បង្កើតឡើងដោយកូនខ្មែរ ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងដេប៉ាតឺម៉ង់វិស្វកម្មព័ត៌មានវិទ្យានិងទំនាក់ទំនង។ 

កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីជួយកុមារតូចៗឱ្យចេះសរសេរអក្សរនិងលេខខ្មែរបានត្រឹមត្រូវម្ដងមួយគំនូសៗ ស្របតាមក្បួនខ្នាតសរសេរផ្លូវការដែលដកស្រង់ចេញពីសៀវភៅពុម្ពរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ចំពោះលក្ខណៈពិសេស និងដំណោះស្រាយរបស់ Khmer PenPal រួមមាន ការកែតម្រូវភ្លាមៗទាន់ពេលវេលា៖ ជារឿយៗការហាត់សរសេរតែងតែជាការលំបាក និងគួរឱ្យធុញ។ ម្យ៉ាងវិញទៀត ថ្នាក់រៀនមានសិស្សច្រើនធ្វើឱ្យការណែនាំពីគ្រូ ឬមាតាបិតាមិនបានដិតដល់។ Khmer PenPal ចូលមកបំពេញចន្លោះប្រហោងនេះដោយផ្តល់ការកែតម្រូវភ្លាមៗពេលកុមារកំពុងសរសេរ ជួយឱ្យពួកគេកែចំណុចខុសបានទាន់ពេល និងកសាងទម្លាប់ល្អតាំងពីដំបូង។ 

រៀនតាមរយៈការលេង (Gamification)៖ កម្មវិធីនេះប្រែក្លាយការហាត់សរសេរទៅជាហ្គេមអប់រំដ៏រីករាយ ដែលតម្រូវឱ្យកុមារឆ្លងកាត់ពិភព វគ្គ និងកម្រិតផ្សេងៗ ដើម្បីបំបាត់ភាពធុញទ្រាន់។ មុខងារតាមដានសម្រាប់មាតាបិតា៖ អនុញ្ញាតឱ្យអ្នកអាណាព្យាបាលតាមដានការវិវឌ្ឍរបស់កូនៗបានយ៉ាងងាយស្រួល តាមរយៈរបាយការណ៍ស្ថិតិសង្ខេប ដើម្បីគាំទ្រការសិក្សានៅផ្ទះ។ មុខងារគ្រប់គ្រងថ្នាក់សម្រាប់សាលារៀន៖ ជួយលោកគ្រូ អ្នកគ្រូឱ្យអាចតាមដាន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សម្នាក់ៗបានយ៉ាងច្បាស់លាស់ ទោះបីជាក្នុងថ្នាក់មានសិស្សច្រើនក៏ដោយ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា គោលដៅចម្បងរបស់ Khmer PenPal គឺចូលរួមគាំទ្រប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយភាសាខ្មែរក្នុងយុគសម័យឌីជីថល ដោយជឿជាក់ថា បច្ចេកវិទ្យាគឺជាជំនួយការដ៏មានប្រសិទ្ធភាពក្នុងការបំពេញបន្ថែមលើវិធីសាស្ត្របង្រៀនបច្ចុប្បន្ន។ ក្រសួងសូមស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការជាមួយសាលារៀន ស្ថាប័នអប់រំ ដៃគូបច្ចេកវិទ្យាអប់រំ (EdTech) អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកសម្រេចគោលដៅអប់រំជាតិ និងជំរុញគំនិតផ្ដួចផ្ដើមនៃការសិក្សាតាមបែបឌីជីថល៕

 

Daily Program

Livesteam thumbnail