កម្ពុជា-អាមេរិក ​ចុះកិច្ចព្រមព្រៀង​បើកចំហជើងមេឃដឹកជញ្ជូន​តាមផ្លូវអាកាស​

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​នៅថ្ងៃទី ៣០ ​មិថុនា ២០២៦​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ បើកចំហជើងមេឃដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ​ជាមួយលោក Cristopher Landau ​អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះ​ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង​រវាងប្រទេសទាំងពីរ​ ដែលនឹងនាំ​មក​នូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅ​រកស្តង់​ដា​​ទំនើបខ្ពស់បំផុត។

​សមិទ្ធផលដ៏សំខាន់នេះ​ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍​អន្តរជាតិរបស់​សហ​រដ្ឋអាមេរិក ​(DFC) បានអនុម័ត​ នូវការផ្តល់កញ្ចប់ហិរញ្ញប្បទាន​ចំនួន១០០លានដុល្លារ​ ដើម្បី​គាំទ្រ​ដល់អាកាស​យានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការ​រីក​លូត​លាស់នៃ ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។

​កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុន​អាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូន​តាមផ្លូវ​អាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុម​ហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ​

កិច្ចព្រមព្រៀងនេះ ​ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូន​ទំនិញតាមផ្លូវ​អាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។  

​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ​ និងផ្តល់លទ្ធផលសម្រាប់​ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។ ​

កម្ពុជា នៅតែប្តេជ្ញាពង្រីកកិច្ច​សហប្រតិបត្តិការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជា​ដៃគូ​ក្នុង​ការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌ​អាកាសចរណ៍​ទ្វេភាគី ដែលមានស្រាប់៕

 

Daily Program

Livesteam thumbnail