កម្ពុជា និងគុយបា ពង្រីកកិច្ចសហប្រតិបត្តិការ​

លោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​

ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី លើកទី​៣​ លោក ជុំ សុន្ទរី បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ ជាមួយ លោកជំទាវ អាណាយ៉ាន់ស៊ី រ៉ូឌ្រីហ្គេស កាម៉េហូ (Anayansi Rodríguez Camejo) អនុរដ្ឋមន្ត្រីការបរទេសគុយបា នៅទីក្រុងហាវ៉ាណា នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងគុយបា និងបានពិនិត្យវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល កីឡា អប់រំ វប្បធម៌ និងព័ត៌មាន។​

ភាគីទាំងពីរ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយផ្តោត​លើសារៈសំខាន់នៃការពង្រីកទំនាក់ទំនងរវាងក្រសួងជំនាញ សភាពាណិជ្ជកម្ម និងវិស័យឯកជន តាមរយៈកិច្ចប្រជុំតាមអនឡាញ និងការផ្លាស់ប្តូរគណៈប្រតិភូ។​

ចំពោះវិស័យកសិកម្ម អនុរដ្ឋមន្ត្រីការបរទេស កាម៉េហូ បានសម្តែង​អំណរគុណយ៉ាងជ្រាលជ្រៅរបស់គុយបា​​​ចំពោះជំនួយ និងការគាំទ្ររបស់កម្ពុជាក្នុងវិស័យស្រូវអង្ករ ពិសេសការលើកកម្ពស់វិស័យស្រូវអង្ករ និងសមត្ថភាពផលិតរបស់គុយបា។

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តបានពេញលេញនូវការ​ព្រមព្រៀងនានា​ដែលសម្រេចបាន​រវាងក្រសួងកសិកម្មទាំងពីរ និងពន្លឿនអនុស្សរណៈយោគយល់គ្នាស្តីពីការអភិវឌ្ឍស្រូវអង្ករ​នៅគុយបា។​

ក្នុងវិស័យសុខាភិបាល​ ​រដ្ឋលេខាធិការ សុន្ទរី បានថ្លែងអំណរគុណដល់គុយបា ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់គ្រូពេទ្យទូទៅ ការលើកកម្ពស់វេជ្ជបណ្ឌិតឯកទេស ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការបញ្ជូនវេជ្ជបណ្ឌិតមកព្យាបាលជំងឺមហារីក ទឹកនោមផ្អែម និងជំងឺផ្សេងទៀត ព្រមទាំងការ​ជួយបណ្តុះបណ្តាលវេជ្ជបណ្ឌិតកម្ពុជា។

លោក​ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់គុយបាក្នុងការជួយកម្ពុជាបង្កើតមន្ទីរពេទ្យឯកទេសជំងឺមហារីក ដើម្បីបង្កើនសមត្ថភាពក្នុងការព្យាបាលជំងឺនេះប្រកបដោយប្រសិទ្ធភាព។​

ទាក់ទងនឹងវិស័យអប់រំ ឯកឧត្តម​រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គុយបាដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងបានស្នើ​ឱ្យមានអាហារូបករណ៍បន្ថែមទៀតសម្រាប់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត បច្ចេកទេស និងភាសានៅប្រទេសគុយបា ជាពិសេសថ្នាក់ក្រោយឧត្តមសិក្សា។

លោក​បានស្នើឱ្យក្រសួង/ស្ថាប័នអប់រំនៃប្រទេសទាំងពីរ សិក្សាពីគម្រោងមិនបាច់បង់ថ្លៃសិក្សា ដែលសិស្ស/និស្សិត រ៉ាប់រង​ការចំណាយរស់នៅរបស់ពួកគេដោយខ្លួនឯង ដែលបច្ចុប្បន្នកំពុងពេញនិយមក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ដើម្បីផ្តល់លទ្ធភាពឱ្យនិស្សិតកម្ពុជាកាន់តែច្រើនអាចទៅសិក្សានៅប្រទេសគុយបា ជាពិសេសក្នុងផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្រ្ត។​

ក្នុងវិស័យកីឡា លោក​រដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណដោយស្មោះរបស់កម្ពុជាចំពោះការគាំទ្ររបស់គុយបាក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យមានការអនុវត្ត​ពេញលេញនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុង​វិស័យវប្បធម៌អប់រំកាយ និងកីឡា ចុះហត្ថលេខា​នៅឆ្នាំ២០២២ រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងវិទ្យាស្ថានជាតិកីឡា អប់រំកាយ និងការលេង​កំសាន្តរបស់គុយបា។​

ចំពោះ​វិស័យព័ត៌មាន ភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ តាមរយៈការពង្រីកការផ្លាស់ប្តូរព័ត៌មាន ដោយរួមបញ្ចូលនូវការផ្លាស់ប្តូរ​ខ្លឹមសារផ្សាយបន្ថែមទៀតទាក់ទងនឹងវប្បធម៌ ប្រពៃណី ទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានជាតិទាំងពីរ។​​

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្តូរវប្បធម៌ សម្រាប់ឆ្នាំ ២០២២-២០២៧ ដែលបានចុះហត្ថលេខារវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ កាលពីខែតុលា ឆ្នាំ ២០២២។

កិច្ចប្រជុំក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-គុយបា និងអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។​

ការពិគ្រោះយោបល់បានបញ្ចប់ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបន្ត​កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយកិច្ចប្រជុំ​បន្ទាប់នឹងប្រព្រឹត្តទៅ នៅទីក្រុងភ្នំពេញ ក្នុងពេលវេលាមួយសមស្រប៕

Daily Program

Livesteam thumbnail