កម្ពុជា កំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅសម្រេចគោលដៅសកលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍
កម្ពុជា កំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៧ វិច្ឆិកា នេះថា គោលដៅសកល ៩៥-៩៥-៩៥ ក្នុងនោះ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាព នៃមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដឹងខ្លួនថាផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) និង ៩៥% នៃអ្នកកំពុងទទួល ART មានលទ្ធផលតេស្តបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាបបំផុតមិនអាចរាប់បាន។ ជាលទ្ធផល ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ ខាងលើនេះ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជា សម្រេចបាន ៩២% ១០០% និង ៩៨%។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្នុងគោលបំណងកាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ ឱ្យកាន់តែមានជម្រើស និងផ្តល់ជម្រើសនានាដល់ក្រុមប្រឈម ក្រសួងសុខាភិបាលបានអនុវត្តការផ្តល់សេវាប្រើថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (សេវា PrEP ឬ ប្រឹព) ចំនួន ៥២ កន្លែង ដោយអនុវត្តនៅតាមមូលដ្ឋានសុខាភិបាលចំនួន ៣៤ ទីតាំង និង នៅតាមមណ្ឌលសំចតរបស់អង្គការតាមសហគមន៍ ១៨ ទីតាំង នៅក្នុងរាជធានី-ខេត្តចំនួន ១៦។
លោកវេជ្ជបណ្ឌិត បានលើករបាយការណ៍មកបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥ មានអតិថិជនទទួលឱសថប្រឹពចំនួន ៤៣ ៧៩០ នាក់ ក្នុងនោះ ៦៩% ជាក្រុមបុរសរួមភេទជាមួយបុរស, ១៣% ជាក្រុមអ្នកបំប្លែងភេទ, ១៥% ជាក្រុមស្ត្រីបម្រើការនៅសេវាកម្សាន្ត និង ៣% ជាដៃគូក្រុមប្រឈម និងដៃគូរបស់អ្នកផ្ទុកមេរោគអេដស៍។
លោកវេជ្ជបណ្ឌិត បានពន្យល់ថា សេវា PrEP ឬ ប្រឹពនេះមាន ៣ មុខ រួមមាន ប្រឹពប្រភេទថ្នាំលេប ប្រឹពប្រភេទចាក់ក្នុងមួយម្ជុលប្រើបាន ២ ខែ និងប្រឹពប្រភេទដាក់កងសម្រាប់ស្ត្រី។
លោកវេជ្ជបណ្ឌិត បានរំលឹកថា ក្រោយពីបានរកឃើញករណីមេរោគអេដស៍លើកដំបូងនៅឆ្នាំ ១៩៩១ អត្រាឆ្លងបានរីករាលដាលយ៉ាងខ្លាំងស្របពេលដែលមានការកើនឡើងនូវឧស្សាហកម្មផ្លូវភេទ ចន្លោះពីឆ្នាំ ១៩៩៥ ទៅឆ្នាំ ១៩៩៨ អត្រាប្រេវ៉ាឡង់ នៃជំងឺអេដស៍បានកើនឡើង ២ ដង គឺពី ០,៦ % នៅឆ្នាំ ១៩៩៥ ទៅ ១,២% នៅឆ្នាំ ២០០០ ក្នុងចំណោមមនុស្សពេញវ័យអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ប៉ុន្តែដោយមានការចូលរួម និងគាំទ្រយ៉ាងពេញទំហឹង និងទាន់ពេលវេលាពីថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ទាំងអស់ និងការចូលរួមអនុវត្តគ្រប់លំដាប់ថ្នាក់ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍ដ៏មានប្រសិទ្ធភាព ប្រទេសកម្ពុជាបានទទួលជោគជ័យដែលធ្វើឱ្យអត្រាប្រេវ៉ាឡង់បានថយចុះពី ១,២% នៅឆ្នាំ ២០០០ មក ០,៥% នៅឆ្នាំ ២០២៤ ដែលបានធ្វើការប៉ាន់ប្រមាណ នៃករណីអ្នកផ្ទុកមេរោគអេដស៍មានប្រមាណ ៧៦.០០០ នាក់ ករណីឆ្លងថ្មី នៃមេរោគអេដស៍មានចំនួន ១.២០០ នាក់។ ៨៦% នៃករណីឆ្លងថ្មី នៃមេរោគអេដស៍ គឺជាក្រុមគោលដៅប្រឈមមុខខ្ពស់ និងដៃគូ ក្នុងនោះ ៤៥% គឺជាក្រុមយុវវ័យមានអាយុចាប់ពី ១៥-២៤ ឆ្នាំ។ ចំណែកឯ អ្នករស់នៅជាមួយមេរោគអេដស៍មានចំនួន ៧៦.០០០ នាក់ ក្នុងឆ្នាំ ២០២៤៕