សន្ធិសញ្ញាការពារសមុទ្រអន្តរជាតិនឹងចូលជាធរមាននៅខែមករា ខាងមុខ

សន្ធិសញ្ញាដំបូងសម្រាប់សមុទ្រអន្តរជាតិ គឺសំដៅកំណត់ក្របខណ្ឌនៃការអភិរក្ស និងការ ទាញធ្វើអាជីកម្មលើតំបន់សមុទ្រដែលមិនស្ថិតនៅក្រោមច្បាប់ប្រទេសណាមួយ។ សន្ធិសញ្ញានេះ ណែនាំឲ្យស្គាល់នូវការបង្កើតតំបន់សមុទ្រដែលត្រូវបានការពារ និងគោលការណ៍នៃការចែករំលែកដោយសមភាពនៃធនធានថាមពលសមុទ្រផងដែរ។
យោងតាមសេវាកម្មនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិបានឲ្យដឹងថា សន្ធិសញ្ញាការពារសមុទ្រអន្តរជាតិ ដែលត្រូវបានអនុម័តនៅពេលនេះ នឹងត្រូវចូលជាធរមាននៅខែមករា ឆ្នាំ២០២៦ ខាងមុខ។ វានឹងផ្តល់នូវមធ្យោបាយសកម្មភាពសម្រាប់ការអភិរក្ស និងការគ្រប់គ្រងដោយចីរភាពនៃស្ថានជីវចម្រុះសមុទ្រនៅក្នុងផ្នែកដ៏ធំធេងនៃសមុទ្រ ដែលមិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬរដ្ឋណាមួយទេ។ សន្ធិសញ្ញាត្រូវបានប្រកាន់យកដោយរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិនៅខែមិថុនា ឆ្នាំ២០២៣។ វាទទួលបាន ១៤៣ ប្រទេសជាហត្ថលេខី និងត្រូវបានអនុម័តដោយ ៦០ប្រទេស រួមទាំងសហភាពអឺរ៉ុបផងដែរ។ នេះអាចឲ្យសន្ធិសញ្ញានេះចូលជាធរមានក្នុង ១២០ថ្ងៃខាងមុខ។
គោលដៅសំខាន់គឺការអភិរក្ស និងការប្រើប្រាស់ដោយចីរភាពនៃស្ថានជីវចម្រុះសមុទ្រ នៅក្នុងពេលខ្លី ឬរយៈពេលវែង នៅក្នុងតំបន់ដែលមិនពាក់ព័ន្ធនឹងច្បាប់ជាតិណាមួយ ដែលតំបន់នេះមានទំហំជិតពាក់កណ្តាលនៃភពផែនដី។
ច្បាប់នឹងអនុវត្តនៅសមុទ្រអន្តរជាតិ នេះមានន័យថា គឺជាផ្នែកនៃសមុទ្រដែលនៅឆ្ងាយពីតំបន់សេដ្ឋកិច្ចពិសេស (ZEE) នៃរដ្ឋនានា ហើយវាលាតសន្ធឹងជាអតិបរិមារ ៣៧០ គម ពីឆ្នេរ។ វាក៏នឹងអនុវត្តផងដែរនៅជម្រៅសមុទ្រនៃដែនទឹកអន្តរជាតិ និងនៅលើដីក្រោមសមុទ្រ។
ប៉ុន្តែអនាគតការជួបជុំនៃភាគីនានា (COP អង្គសម្រេចចិត្ត) នឹងរួមផ្សំជាមួយនឹងអង្គការពិភពលោក និងតំបន់ដទៃៗ ទៀត ដែលមានអំណាចលើផ្នែកនៃដែនទឹក ដើម្បីធ្វើការអនុវត្តសេចក្តីសម្រេចចិត្តនយោបាយ ជាពិសេស អង្គការតំបន់នៃការនេសាទ ឬអាជ្ញាធរអន្តរជាតិនៃមូលនិធិសមុទ្រ (AIFM) ដែលពេលនេះ ជាអ្នកផ្តល់កិច្ចសន្យាធ្វើអាជីវកម្មរុករក និងចរចាលើក្រមនៃការធ្វើអាជីវកម្មរុករករ៉ែ។
បញ្ហានៃសមត្ថកិច្ច នៃអនាគតអង្គសម្រេចចិត្ត COP នៅលើជម្រៅសមុទ្រ គឺស្ថិតនៅតែស្មុគស្មាញ ដោយការសម្រេចចិត្តថ្មីៗជាឯកតោភាគីដោយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកដែលបង្កើនល្បឿនការផ្តល់ដោយទីក្រុងវ៉ាស៊ីនតុននូវអាជ្ញាបណ្ណទាញយករ៉ែក្រោមសមុទ្រនៅក្នុងដែនទឹកអន្តរជាតិ។ ទន្ទឹមគ្នានេះ សហរដ្ឋអាម៉េរិកក៏មិនមែនជាសមាជិកនៃអាជ្ញាធរអន្តរជាតិនៃមូលនិធិសមុទ្រ AIFM នោះទេ។
ឧបករណ៍និមិត្តរូបនៃអនាគតសន្ធិសញ្ញា គឺមាននៅលើលំហសមុទ្រដែលត្រូវបានការពារ ដែលសព្វថ្ងៃនេះ មានជាសំខាន់នៅក្នុងដែលទឹករបស់ជាតិនានាផងដែរ។
នៅលើមូលដ្ឋានវិទ្យាសាស្រ្ត អង្គសម្រេចចិត្ត COP តាមរយៈការស្នើពីរដ្ឋមួយ ឬរដ្ឋច្រើន អាចនឹងបង្កើតតំបន់ការពារនានា នៅក្នុងតំបន់ដែលមានលក្ខណវិនិច្ឆ័យពិសេស ហើយដែលមានភាពងាយរងគ្រោះ និងមានសារសំខាន់សម្រាប់ពួកសត្វដែលកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ក៏ដូចជាអង្គសម្រេចចិត្តដទៃៗ ទៀត មានជាអាទិ៍ អង្គសម្រេចចិត្តអំពីអាកាសធាតុ ការសម្រេចចិត្តខាងសមុទ្រនឹងត្រូវប្រកាន់យកជាទូទៅដោយកុងសង់សុស។ ប៉ុន្តែសេចក្តីសម្រេចចិត្តអាចនឹងត្រូវប្រកាន់យកដោយមតិភាគច្រើន ៣/៤ ក្នុងករណីមានការរាំងស្ទះ។
រដ្ឋនីមួយៗមានទំនួលខុសត្រូវនៃរាល់សកម្មភាពខ្លួនតាមផ្លូវច្បាប់ នៅឯនាយសមុទ្រអន្តរជាតិ ហើយជាឧទាហរណ៍ គឺមើលលើនាវាដែលមានដោតទង់ជាតិប្រទេសនោះ។
Daily Program
