ព្រោះតែការប្រុងប្រយ័ត្ន អគ្គីភ័យថមថយដល់ជាងពាក់កណ្តាល ប៉ុន្តែត្រូវបន្តយកចិត្តទុកដាក់

ដោយសារតែការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ក៏ដូចជាចូលរួមបង្ការទាំងអស់គ្នាបូកផ្សំនិងមេឃភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ គ្រោះអគ្គីភ័យដែលកើតមានឡើងនៅកម្ពុជានាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានថមថយដល់ទៅពាក់កណ្តាល។
តាមស្ថិតិដែលដកស្រង់ដោយសមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានករណីអគ្គីភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងករណីដែលបានកើតមានឡើងនៅក្នុងឱកាសដូចគ្នាកាលពីឆ្នាំ២០២៤។
តាមរបាយការណ៍កន្លែងដែលរងគ្រោះដោយគ្រោះអគ្គីភ័យច្រើនជាងគេគឺនៅ រាជធានីភ្នំពេញដោយមានចំនួន៤ករណី ចំណែកខេត្តសៀមរាប និងរតនគិរីកើតឡើង២ករណី ក្រៅពីនោះនៅខេត្តកំពង់ស្ពឺ និង មណ្ឌលគិរី បានកើតឡើង១ករណីដូចគ្នា។
ដោយឡែកមូលហេតុនៃករណីគ្រោះអគ្គីភ័យទាំងនេះត្រូវបានគេដឹងថា គឺនៅតែពាក់ព័ន្ធនឹងឆ្លងចរន្តអគ្គិសនី។ របាយការណ៍សមត្ថកិច្ចបានបង្ហាញថា គ្រោះថ្នាក់វាបានកើតមានឡើងដល់ទៅ៥ លើក ក្រៅពីនោះគឺករណីភ្លើងឆេះព្រៃ ករណីធ្លាយទុយោហ្គាស ហើយបានបង្កររបួសស្នាមដល់មនុស្ស៤ នាក់ បំផ្លាញផ្ទះ២០ខ្នង រថយន្ត៣គ្រឿង ឃ្លាំងមួយ ភោជនីយដ្ឋាន១កន្លែង។
នេះគឺជាស្ថិតិនៃគ្រោះអគ្គីភ័យ ដែលកត់ត្រាជាពិសេសតែនៅក្នុងអំឡុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមបងប្អូនកុំធ្វេសប្រហែស។ ការប្រុងប្រយ័ត្ននូវគ្រោះអគ្គីភ័យគឺគួរតែបន្តធ្វើនិងរក្សាដោយស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចដោយសារតែ គ្រោះអគ្គីភ័យនេះ មិនមែនកើតមានឡើងតែនៅក្នុងពេលណានោះទេ គឺវាអាចកើតមានគ្រប់ពេលវេលា ឲ្យតែយើងខ្វះការប្រុងប្រយ័ត្ន ឬដោយសារតែឱកាសចៃដន្យណាមួយ។
ដើម្បីបន្តការការពារនិងរក្សាការប្រុងប្រយ័ត្ន នៅពេលដែលធ្វើដំណើរចេញពីផ្ទះ គួរតែបិទឬផ្តាច់ចរន្តអគ្គិសនីដោយរក្សាតែខ្សែបញ្ជូនចរន្តណាមួយដែលភ្ជាប់ត្រឹមតែ ម៉ាស៊ីនទូរទឹកកក មួយប៉ុណ្ណោះ។ ហើយ ដោយឡែករាល់ការប្រើប្រាស់ឧបករណ៍សាកថ្មផ្សេងៗដែលតរយីងរយោងក៏គួរតែយកចិត្តទុកដាក់ ដកចេញដែរ ដើម្បីបង្ការយើងភ្លេចបិទចរន្ត។
ឧបករណ៍ចង្ក្រាន្តផ្សេងៗជាពិសេសគឺចង្រ្កានហ្គាសជាដើមក៏គួរតែយកចិត្តទុកដាក់បន្ថែមទៀត ពីព្រោះវាក៏ជាប្រភពមួយដែលតែងតែជាមូលហេតុចំបងមួយនៅក្នុងបង្កគ្រោះថ្នាក់អគ្គីភ័យដល់យើងទាំងអស់គ្នាផងដែរ។
សរុបទៅគ្រោះអគ្គីភ័យវាអាចកើតមានគ្រប់ទីកន្លែងគ្រប់មជ្ឈដ្ឋានជាពិសេសទីណាដែលខ្វះការប្រុងប្រយ័ត្ន ហើយវាគឺជាគ្រោះមហន្តរាយដែលអាចសម្លាប់មនុស្សនិងបំផ្លាញផ្តល់ផលយ៉ាងធ្ងន់ធ្ងរ ដូច្នេះ កុំដកដៃចេញពីការប្រុងប្រយ័ត្ននិងបង្ការពីគ្រោះថ្នាក់ទាំងនេះ។ ការប្រុងប្រយ័ត្នគឺគួរតែបន្តធ្វើដោយម្ចាស់ការគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់៕
Daily Program
