អ្វីទៅជាព្រះរាជ្យរបស់ព្រះជាម្ចាស់?
បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស័រ ពីមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ភូមិភាគភ្នំពេញ។
បូ. អេមេល្សដាល ហ្រ្វង់ស័រ៖ នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ ជនជាតិអ៊ីសា្រអែលទន្ទឹងចាំព្រះរាជ្យរបស់ព្រះជាម្ចាស់ គេសង្ឃឹមថាព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យដូចជាស្តេចមួយអង្គ និងប្រោសប្រទានសេចក្តីសុខសាន្តដល់ពួកគេឲ្យបានពេញលេញ ហើយប្រោសគេឲ្យរួចពីខ្មាំងសត្រូវ។ ពេលព្រះយេស៊ូប្រសូត្រ ព្រះអង្គមានអាយុជាង៣០ឆ្នាំ ទ្រង់បានប្រកាសដំណឹងល្អដោយបញ្ជាក់ថា «ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ ចូរកែប្រែចិត្តគំនិត!»នេះគឺជាសារ និងជាដំណឹងល្អរបស់ព្រះយេស៊ូ។
ព្រះអង្គចង់ប្រាប់ថា នៅក្នុងអង្គព្រះគ្រីស្តនេះហើយ ព្រះរាជ្យព្រះជាម្ចាស់បានយាងមកដល់ហើយ។ មានន័យថា បើយើងស្គាល់ និងស្រលាញ់ព្រះយេស៊ូ ហើយរួមរស់ជាមួយព្រះអង្គ យើងមានអំណរសប្បាយ មានសុភមង្គលពេញលក្ខណៈហើយព្រះយេស៊ូប្រោសយើងឲ្យរួចពីខ្មាំងសត្រូវ ឬអំពើបាបរបស់យើង។
ផ្ទុយទៅវិញព្រះរាជ្យរបស់ព្រះជាម្ចាស់មិនគ្រាន់តែប៉ុណ្ណឹងទេ ព្រះរាជ្យរបស់ព្រះជាម្ចាស់បច្ចុប្បន្ន គឺមាននៅក្នុងលោកយើងនេះ តែតាមរបៀបដូចជាលាក់លាមម្យ៉ាង ដោយមានតែអ្នកជឿដែលអាចមើលឃើញ និងចូលរួមបាន។
តើព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ផែនដីតាំងពីពេលណា? ដោយរបៀបណា?
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ផែនដីតាំងពីកំណើតពិភពលោក ឬក៏មិនទាន់មកដល់ផងដែរ។ ព្រោះថា បើសិនជាយើងជឿ យើងរួមជាមួយព្រះជាម្ចាស់យើងមានអំណរសប្បាយ យើងមានសុភមង្គលនៅក្នុងព្រះសហគមន៍ យើងទទួលសេចក្តីស្រលាញ់ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀតយើងនៅតែជាប់អំពើបាប។ ហេតុនេះបានជាយើងអាចនិយាយបានថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកដល់ហើយ តែមិនទាន់ពេញលេញ។
ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យចូលរួមចំណែកក្នុងការកសាងព្រះរាជ្យនេះ គឺឲ្យយើងខិតខំអស់ពីសមត្ថភាព ដើម្បីកសាងសេចក្តីស្រលាញ់ក្នុងសង្គម។ ធ្វើយ៉ាងណាឲ្យមានអំពើយុត្តិធម៌នៅក្នុងសង្គមរីកលូតលាស់។ ដូច្នេះបើយើងជឿ យើងត្រូវរួមជាមួយព្រះជាម្ចាស់ រួមជាមួយព្រះយេស៊ូកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់ឲ្យបានមកដល់ ហើយនិងឲ្យមនុស្សទទួលបានសុភមង្គលនៅក្នុងជីវិត។
ដើម្បីឲ្យព្រះរាជ្យព្រះជាម្ចាស់ជាប់នៅក្នុងចិត្តរបស់អ្នកជឿ តើពួកគេត្រូវធ្វើបែបណា?
តាមពិតព្រះរាជ្យរបស់ព្រះជាម្ចាស់ ជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដោយព្រះអង្គប្រោសប្រទានតាមព្រះសហឫទ័យរបស់ទ្រង់ឲ្យជឿ និងចូលទៅក្នុងព្រះរាជ្យនោះ តាមរយៈសកម្មភាពផ្សេងៗរបស់ព្រះសហគមន៍ និងកិច្ចមនុស្សធម៌ក្នុងសង្គម។ នៅពេលដែលខ្ញុំស្រលាញ់ ស្រលាញ់ព្រះសហគមន៍ ស្រលាញ់បងប្អូនឯទៀតៗ ព្រះសហគមន៍ជាគ្រួសាររបស់ខ្ញុំ ខ្ញុំមានមិត្តភក្តិថ្មីៗ ខ្ញុំចូលរួមកិច្ចជាច្រើនដោយអំណរសប្បាយ នោះហើយជារបៀបដែលខ្ញុំបានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ មួយវិញទៀតពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំបានទទួលសេចក្តីស្រលាញ់ពីលោកពុក បងស្រី បងប្រុស គ្រីស្តបរិស័ទ និងដោយការអធិដ្ឋាន។ ដែលនេះហើយគឺជាកាដូដ៏ពិសេសសម្រាប់ជីវិតរបស់ខ្ញុំផងដែរ៕
រៀបចំដោយ ឆាក លាំង