អត្ថាធិប្បាយគម្ពីរថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ អ៊ុន សុន

​យើង​ជា​គ្រីស្ទបរិស័ទ​ទាំងអស់​គឺ ព្រះជាម្ចាស់​ត្រាស់ហៅ​ឲ្យ​ទៅជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់។ នេះ​ជា​ការ​អស្ចារ្យ​មែនទែន​ដែល​យើង​ម្នាក់ៗ​ជា​គ្រីស្ទបរិស័ទ​មាន​តម្លៃ​ថ្លៃថ្លា មាន​កិត្តិយស ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​ឲ្យ​យើង​ទៅជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះអង្គ គឺ​មានន័យថា​ឲ្យ​យើង​រស់នៅ​ក្នុង​ការ​ទាក់ទង​នឹង​ព្រះជាម្ចាស់។ ការ​ទាក់ទង​ជាមួយ​នឹង​ព្រះជាម្ចាស់ ឲ្យ​យើង​គោរព​ស្រឡាញ់​ព្រះអង្គ ដូច​ព្រះអង្គ​ស្រឡាញ់​យើង និង​មាន​ធម៌​មេត្តាករុណា​របស់​យើង​ដែល​ធ្វើឲ្យ​ជីវិត​របស់​យើង​មាន​ការផ្លាស់ប្ដូរ។

យើង​រស់នៅ​ដោយ​ការ​ពឹងពាក់​ទៅលើ​ចំណេះ​វិជ្ជា​របស់​ខ្លួន កម្លាំង​របស់​ខ្លួន គឺ​មានកំណត់ មាន​ព្រំដែន​ដែល​អ្វី​ដែល​នាំ​ឲ្យ​យើង​ធ្វើ​ខុស​ចំពោះ​ខ្លួនឯង ចំពោះ​បងប្អូន ដូចជា​ចំពោះ​ព្រះជាម្ចាស់​ដែរ។ ដូច្នេះ នៅពេល​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដែល​ទទួល​ឋានៈ​ជា​ព្យាការី ជា​បូជាចារ្យ ជា​ស្ដេច ធ្វើឲ្យ​ជីវិត​របស់​យើង តម្លៃ​របស់​យើង នៃ​ជីវិត​របស់​យើង​គឺ​មាន​សេចក្ដី​ដែល​ត្រូវ​ជាប់​ប្រសើរ​នឹង​ព្រះជាម្ចាស់។ ហើយ​សេចក្ដី​នេះ​ហើយ​ធ្វើឲ្យ​តម្លៃ​នៃ​ជីវិត អត្ថន័យ​នៃ​ជីវិត​នៃ​យើង​ទាំងអស់គ្នា យើង​ត្រូវតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់ និង​លើក​តម្កើង​ព្រះជាម្ចាស់​នូវ​ការ​ត្រាស់ហៅ​ដែល​ព្រះអង្គ​ឲ្យ​យើង​ទៅជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះអង្គ។ ហើយ​ព្រះអង្គ​ជា​ព្រះអង្គ​ដែល​នាំ​ឲ្យ​យើង​មាន​ការផ្លាស់ប្ដូរ ហើយ​នាំ​ឲ្យ​យើង​មាន​ការ​កែប្រែ​គំនិត។

អ្វី​ដែល​យើង​រស់នៅ​ក្នុង​ក្រសែភ្នែក​មនុស្ស យើង​ជួនកាល​យើង​មិនមែន​ជា​អ្នកមាន យើង​មិនមែន​ជា​អ្នក​ដែល​ឆ្លាត​ចេះ ប៉ុន្តែ​ក្នុង​ក្រសែភ្នែក​របស់​ព្រះជាម្ចាស់ យើង​ពិតជា​អស្ចារ្យ​មែនទែន​បងប្អូន។ នៅ​ថ្ងៃនេះ​ខ្ញុំ​ក៏​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង បាន​លើក​តម្កើង​យើង ហើយ​សូម​ឲ្យ​យើង​ទៅជា​អ្នក​ដែល​នាំ​បងប្អូន​ឲ្យ​កាន់តែ​ទៀត​មក​ជួប​នឹង​ព្រះជាម្ចាស់ ហើយ​ឃើញ​ព្រះ​អំណោយទាន​ដែល​ព្រះជាម្ចាស់​មាន​សម្រាប់​បងប្អូន។

នៅពេលណា​ដែល​យើង​ចេះ​សម្ដែង​មេត្តាករុណា​របស់​ព្រះជាម្ចាស់ នៅពេលណា​ដែល​យើង​មាន​សេចក្ដី​ស្រឡាញ់ ចេះ​អាណិតអាសូរ និង​ការ​លើកលែងទោស គឺ​នៅទីនោះ​ហើយ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ទទួល​បាន​នូវ​សេចក្ដីសុខសាន្ត។

យើង​ក៏​មិន​ភ្លេច​ដល់​បងប្អូន​យើង​ដែល​រស់នៅ​តាម​ព្រំដែន​ដែល​មាន​បញ្ហា​សង្គ្រាម និង​ទុក្ខលំបាក​វេទនា​ទាំងឡាយ សូម​ឲ្យ​បងប្អូន​ចេះ​ចាប់អារម្មណ៍ ជួយ​លើកទឹកចិត្ត​គឺ​មាន​ព្រះជាម្ចាស់​ដែល​គង់​ជាមួយ​ទោះបី​នៅ​កាលៈទេសៈ​ណា​ក៏ដោយ គឺ​ធ្វើឲ្យ​យើង​ឃើញ​ថា ការ​ជួប​នឹង​ព្រះជាម្ចាស់​គ្មាន​ទីកន្លែង គ្មាន​ពេលវេលា គឺ​មានតែ​ការ​ដែល​ធ្វើឲ្យ​យើង​ឃើញថា​យើង​ពិតជា​បាន​ទទួល​ការ​ស្រឡាញ់ ការ​ថ្នាក់ថ្នម និង​ការ​លើកទឹកចិត្ត​ឲ្យ​យើង​ម្នាក់ៗ​ទទួលស្គាល់​ថា យើង​ពិតជា​រួមរស់​ជាមួយ​ព្រះអង្គ ជា​គ្រួសារ​របស់​ព្រះអង្គ​ពិតប្រាកដ។ នៅ​ក្នុង​ថ្ងៃនេះ​ដែរ ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​យើង​ម្នាក់ៗ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ជួប​ជាមួយ​បងប្អូន​ដូចជា​យើង​មាន​ពេលវេលា​ជួប​ជាមួយ​ព្រះជាម្ចាស់។ ​

នៅពេលណា​មាន​ពីរ​ឬ​បី​នាក់​ជួបជុំគ្នា​អធិស្ឋាន ព្រះជាម្ចាស់​គង់​ជាមួយ។ គឺ​នៅទីនោះ​ហើយ​ដែល​យើង​នឹង​ទទួល​សេចក្ដីសុខសាន្ត និង​ការផ្លាស់ប្ដូរ​ជីវិត​របស់​យើង​ពី​អ្វី​ដែល​យើង​តាំងខ្លួន​ជា​ចំណុចកណ្ដាល ប៉ុន្តែ​តាមពិត​គឺ​ជា​ព្រះជាម្ចាស់​ទេ​ដែល​ជា​ប្រភព​នៃ​ជីវិត និង​ជា​អ្នក​ដែល​គង់​នៅ​កណ្ដាល​យើង​គ្រប់ពេលវេលា។ សូម​អរគុណ សូម​ជូនពរ សូម​សេចក្ដីសុខសាន្ត​ដល់​បងប្អូន​ទាំងអស់គ្នា៕

 

Daily Program

Livesteam thumbnail