អត្ថាធិប្បាយគម្ពីរថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤

(សន្តម៉ាកុស ៧,១-១៣)) លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលទាក់ទងនឹងច្បាប់ដែល​ព្រះយេស៊ូ​​ហាក់ដូចជាល្មើសនៅថ្ងៃសម្ប័ទ ឬក៏ច្បាប់វិន័យរបស់លោកម៉ូសេ តាមពិត​ព្រះអង្គ​ចង់​ឱ្យយើងទាំងអស់គ្នាបានចូលនៅក្នុងគោលការណ៍ ឬ​ គោលបំណងមាន​ន័យ​យ៉ាង​ម៉េច?

បងប្អូន! នៅក្នុងច្បាប់ព្រះសហគមន៍យើងមានច្បាប់​ពីររបៀបដែលយើងអាច​ពិចារណា​មើលនៅត្រង់ចំណុចនេះ គឺច្បាប់មួយដែលយើងហៅថាច្បាប់ធម្មជាតិ ឬច្បាប់ព្រះជាម្ចាស់។ ច្បាប់ព្រះជាម្ចាស់គឺជាច្បាប់ដែលកើតឡើងដែលយើងមិនអាចផ្លាស់ប្តូរបាន មិនអាចធ្វើឱ្យគោលការណ៍នេះកែប្រែ ឬប្រែប្រួលបាន។ ឩទាហរណ៍ ជីវិតអាពាណ៍ពិពាណ៍ត្រូវតែ​មាន​មនុស្ស​ប្រុស​មនុស្សស្រីដើម្បីបង្កើតកូនបាននេះគឺជាគោលការណ៍ដំបូង ហើយមនុស្សប្រុស និងស្រីក៏ជារបៀបបង្កើតតាមធម្មជាតិដែរ។  យើងហៅថា​អ្វីក៏ដោយដែល​បង្កើតឡើង​ដោយ​ធម្មជាតិ​​ដែលយើងមិនអាចពាក់ព័ន្ធបាន ឬដូចជាការរៀបការជាមួយខ្សែស្រឡាយបងប្អូនឬ​ញាតិ​សន្តាន​ដែលមានលក្ខណៈជា​ខ្សែផ្ទាល់ចាប់ពីឪពុកជីដូន ជីតាពូលោកតាលោក​យាយមក​ដល់ឪពុកម្តាយ និងយើងចុះមកនេះមិនអាចរៀបការបានទេ នេះគឺជាច្បាប់ធម្មជាតិ។ ដោយឡែកច្បាប់មួយនេះវិញ ដែលព្រះសហគមន៍យើងបង្កើតឡើង ដើម្បីឱ្យយើងជួយ​ដល់​ការ​រស់នៅរបស់យើងឱ្យត្រឹមត្រូវ និងសមស្របជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូចជាច្បាប់របស់បព្វជិត បព្វជិតាលោកបូជាចារ្យមួយចំនួន បង្កើតឡើងដើម្បីឱ្យ​យើងអាចរស់​នៅឱ្យសមទៅជាមួយស្ថានភាពនៅក្នុងលោកនេះ។

បាទបងប្អូន! មិនថាច្បាប់មួយណាក៏ជួយឱ្យយើងបានទៅដល់ព្រះជាម្ចាស់ប៉ុន្តែ​សម្រាប់​ច្បាប់​ដែលមនុស្សបង្កើតឡើងតាមទំនៀមទំលាប់ ​ចំណុចនេះគឺជាចំណុច​ដែលព្រះយេស៊ូ​ចង់​ឱ្យ​ពួកគណៈផារ៉ាស៊ីពិចារណា ពីព្រោះជាច្បាប់ដែលមនុស្សបង្កើតឡើង​តាមបំណង​គិត​ថា​វាល្អ ប៉ុន្តែនូវក្រោយមកច្បាប់នឹងក្លាយទៅជាធ្វើតែតាម​តួអក្សរដោយមិនយល់​គោលការណ៍​ដើម​របស់វា ចំណុចនេះព្រះយេស៊ូរិះគន់ដោយសារវាក្លាយទៅ​ជាឧបករណ៍សម្រាប់ផល​ប្រយោជន៍​របស់អ្នកណា ឬក្រុមណាមួយ។

ដូច្នេះព្រះយេស៊ូរិះគន់ត្រង់ចំណុចនេះ តែច្បាប់មកពីព្រះជាម្ចាស់បង្កើតឡើង​ព្រះអង្គ​ក៏មិនពាក់ព័ន្ធដែរ។ បងប្អូនការរស់នៅក្នុងសង្គមរបស់​យើងមានច្បាប់ជាច្រើនដែល​មនុស្ស​បង្កើត​ឡើងដើម្បីឱ្យត្រូវ ឬស្របជាមួយកាលៈទេសៈនោះហើយក៏មានច្បាប់នៅក្នុង​ព្រះសហគមន៍​យើងដែរ ដែលមានបង្កើតឡើងដើម្បីឱ្យព្រះសហគមន៍យើង​អាចឆ្លើយតប​នៃ​ការ​រស់នៅរបស់គ្រីស្តបរិស័ទតាមសម័យ តាមពេលវេលា តាមកន្លែងឱ្យ​ត្រឹមត្រូវ។

បាទ! ដូច្នេះប្រសិនបើយើងឃើញថា កិច្ចការណាមួយ របៀបណាមួយ ឬក៏ទំលាប់​ណា​មួយដែលទាស់នឹងមិនអាចឱ្យយើងទៅជួបនឹងព្រះជាម្ចាស់បានយើងត្រូវតែពិចារណាថាយើងត្រូវប្រើច្បាប់នោះឬទេ? បាទសុំឱ្យពិនិត្យពិច្ឆ័យពិន័យរបស់ព្រះជាម្ចាស់​ឱ្យយើងអនុវត្តតាម​ដែល​ជាពិន័យដែលព្រះជាម្ចាស់ដាក់ឱ្យយើង និងក៏ពិចារណានៃការអនុវត្តតាមគោលដៅ​របស់​ច្បាប់ព្រះសហគមន៍មួយចំនួន ដើម្បីឱ្យយើងបានរស់នៅឱ្យស្រមតាមព្រះហឫទ័យ​របស់​ព្រះជាម្ចាស់យ៉ាងពិតប្រាកដមិនគ្រាន់តែធ្វើតាមអ្វីដែលគេសរសេរទុក ហើយយើងអត់យល់ អត់ដឹង។

សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យបងប្អូនបានពោរពេញទៅដោយ​គុណ​ភាព​ជាគ្រី​ស្តបរិស័ទល្អរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តជានិច្ច។ អាម៉ែន៕

 

វាយអត្ថបទ​ដោយ សេង លក្ខិណា

 

Daily Program

Livesteam thumbnail