អត្ថាធិប្បាយគម្ពីរដំណឹងល្អអថ្ងៃទី០២ខែមករា ឆ្នាំ២០២៤
អត្ថាធិប្បាយគម្ពីរដំណឹងល្អអថ្ងៃទី០២ខែមករា ឆ្នាំ២០២៤ តាមសន្តយ៉ូហាន ១,១៩-២៨ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់នៅថ្ងៃនេះយើងបានស្តាប់ព្រះបន្ទូលដែលនាំឱ្យយើង ពីព្រះវិញ្ញាណដ៏វិសុទ្ធ។ តាមពិតនៅក្នុងអំឡុងពេលនេះយើងអាចឃើញថា ព្រះបន្ទូលកំពុងតែបញ្ជាក់អំពីជីវិតរបស់យើងដែលជាគ្រីស្តបរិស័ទ ដែលយើងដើរតាមព្រះគ្រីស្ត ដែលយើងមានអំណរសប្បាយដោយសារព្រះយេស៊ូគ្រីស្តកើតមកក្នុងលោកនេះហើយ ក៏បញ្ជាក់ឱ្យយើងបានស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ប៉ុន្តែជំនឿនេះមិនមែនថា យើងផុសចេញដោយខ្លួនឯងបានទេ។
តាមសន្តយ៉ូហានដែលបានប្រាប់យើងនៅក្នុងលិខិតទីមួយថ្ងៃនេះ ក៏បានបញ្ជាក់ឱ្យយើងថានេះមកពីសមត្ថភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ នៅក្នុងជីវិតរបស់លោកយ៉ូហានបាទីស្តក៏ដូចគ្នាដែរ ពេលដែលគេមកសួរលោកថា តើនៅពេលនេះគាត់ត្រូវរង់ចាំដល់ណាទៀត ឬក៏លោកជាព្រះគ្រីស្ត? លោកយ៉ូហានបាទីស្តអត់បានបញ្ជាក់ថាលោកជាព្រះគ្រីស្តទេ ហើយលោកក៏បានប្រាប់គេថា អ្នកដែលមកក្រោយលោក ឬអ្នកដែលនៅក្នុងចំណោមអ្នកទាំងអស់គ្នាមានម្នាក់ដែលមានឫទ្ធិអំណាចមានលក្ខណៈជាព្រះគ្រីស្ត ហើយក៏ជាអ្នកដែលទទួលប្រេងតែងតាំងពីព្រះជាម្ចាស់។
ដូច្នេះពេលយើងវិចារណាត្រង់ចំណុចនេះ យើងអាចដឹងអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទ ពីព្រោះសម្រាប់យ៉ូហានច្បាស់ថា ព្រះគ្រីស្តមិនមែនជាខ្លួនគាត់ផ្ទាល់។ គាត់មិនមែនជាអ្នកទទួលពិធីចាក់ប្រេងពីព្រះជាម្ចាស់ តែសម្រាប់អ្នកដែលមានជំនឿទាំងអស់គ្នា អ្វីដែលយើងស្គាល់ព្រះជាម្ចាស់បាន គឺមកពីការចាក់ប្រេងតែងតាំងតាមរបៀបថ្មី ហើយការចាក់ប្រេងហ្នឹងតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលយើងមានប្រេងគ្រីស្មាដែលយើងបានស្គាល់ហើយថា អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាតែងតាំងបូជាចារ្យយើងប្រើប្រេងនេះ។ ការចាក់ប្រេងតែងតាំងបញ្ជាក់ថា យើងជាព្រះគ្រីស្ត យើងទទួលអគ្គសញ្ញាជ្រមុជទឹក យើងបានទទួលបានការចាក់ប្រេងតែងតាំងជារូបតំណាងរបស់ព្រះគ្រីស្តទៅជាគ្រីស្តបរិស័ទ ជាអ្នកដែលដើរតាមព្រះយេស៊ូ។ ពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស ព្រះវិញ្ញាណចាក់ប្រេងឱ្យយើងតាមរយៈប្រេងគ្រីស្មា ហើយឱ្យយើងមានសិទ្ធិប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយពេញលក្ខណៈ។ សម្រាប់អគ្គសញ្ញាតែងតាំងបូជាចារ្យ ប្រេងដែលចាក់ គឺប្រេងគ្រីស្មាដែរ ប៉ុន្តែបញ្ជាក់ថា យើងជារូបតំណាងរបស់ព្រះគ្រីស្តនៅក្នុងលោកនេះ។
បាទបងប្អូន មិនថាគ្រីស្តបរិស័ទធម្មតា ឬបូជាចារ្យ យើងបានទទួលប្រេងតែងតាំង ដូច្នេះយើងទាំងអស់គ្នាមានតួនាទីប្រកាសព្រះបន្ទូល មានតួនាទីបំពេញបេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ សម្រាប់យើងរស់នៅក្នុងសព្វថ្ងៃនេះ ក៏មានបេសកកម្មដូចលោកយ៉ូហានបាទីស្តនៅថ្ងៃនេះដែរ គឺបន្តធ្វើជាសាក្សីអំពីព្រះយេស៊ូគ្រីស្តតរៀងទៅ។
សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យឆ្នាំថ្មីរបស់បងប្អូនមានព្រះអម្ចាស់យេស៊ូគ្រីស្តស្ថិតនៅជាមួយគ្រប់ពេលវេលាផង។ អាម៉ែន៕