អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៦​,១៣-២០អត្ថាធិប្បាយដោយលោកបូជាចារ្យ ប្រាក់ ប៊ុនហុង

នៅថ្ងៃនេះ​ព្រះយេស៊ូបានសួរបណ្ដាជនទាំងឡាយថា បុត្រមនុស្សជានរណា ក្រោយ​មក​​ព្រះអង្គបានសួរទៅក្រុមសាវ័កទាំង១២នាក់ថា៖ ចុះអ្នករាល់គ្នាវិញគិតថាបុត្រ​មនុស្ស​ជានរណា​?

ជាដំបូងព្រះយេស៊ូបានសួរយោបល់មហាជន អំពីឋានៈរបស់​ព្រះអង្គ។ មហាជនរាប់ព្រះអង្គទុកជាព្យាការីមួយរូបដូចព្យាការីឯទៀត ពីដើមព្យាការី​មក​ក្នុង​នាម​ព្រះជាម្ចាស់ ដោយសារពីមុនមានព្យាការីដែលព្រះអង្គចាត់ឱ្យមកដើម្បីដាស់​តឿន ដើម្បីលើកទឹកចិត្តដល់ប្រជាជនអ៊ីស្រាអែល។ ព្រះយេស៊ូបានសួរទៅសាវ័ក​ទាំង១២ ប៉ុន្តែអ្នកណាឆ្លើយ? គឺលោកសិលាជាអ្នកឆ្លើយ។ លោកសិលា បានឆ្លើយថា លោកជាព្រះគ្រីស្ត គឺលោកពិតជាស្ដេចដែលយាងមកធ្វើឱ្យព្រះបន្ទូលសន្យារបស់​ព្រះជាម្ចាស់កាលពីដើមកើតជារូបរាងហើយ។ ព្រះអង្គយាងមករំដោះជនជាតិយូដា តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់   និងតាមការរង់ចាំរបស់ប្រជាជនអ៊ីស្រាអែល។

លោកសិលាបានបន្តថា លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់​នៅ។ លោកសិលាបានប្រកាសជំនឿយ៉ាងឱឡារិក ជំនឿដែលយើងបានសូត្រជាប្រចាំ​រៀង​រាល់ថ្ងៃអាទិត្យក្នុងអភិបូជា ហើយជាជំនឿរបស់ព្រះសហគមន៍។ តែក្រោយពេល​ដែល​ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ជំនឿនេះបានបន្តមកដល់យើងសព្វថ្ងៃ​។

ព្រះយេស៊ូបានឆ្លើយតបទៅលោកសិលាថា ព្រះបិតារបស់ខ្ញុំបានសម្ដែងឱ្យអ្នករាល់​គ្នាដឹង។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូ​ចង់ប្រាប់់​ថា មនុស្សយើងពុំអាចស្គាល់ឋានៈដ៏អាថ៍កំបាំងរបស់ព្រះយេស៊ូច្បាស់ទេ ត្រូវតែព្រះ​ជា​ម្ចាស់បំភ្លឺប្រាជ្ញារបស់លោកសិលាឱ្យគាត់ដឹង ហើយយើងក៏ដូចគ្នា ព្រះជាម្ចាស់បំភ្លឺ​ប្រាជ្ញារបស់យើងឱ្យស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូបានប្រាប់លោក​សិលាថា អ្នកឈ្មោះសិលា ព្រះយេស៊ូបានប្ដូរឈ្មោះស៊ីម៉ូនដាក់សិលា ដើម្បីបង្ហាញថា លោកត្រូវធ្វើជាគ្រឹះសម្រាប់ឱ្យព្រះយេស៊ូសង់ព្រះសហគមន៍ពីលើ។ ព្រះយេស៊ូ​ប្រាប់​ថា ខ្ញុំនឹងប្រគល់កូនសោរគឺព្រះយេស៊ូផ្ដល់អំណាចឱ្យលោកសិលាក្នុងការណែនាំព្រះ​សហគមន៍។

ព្រះរាជ្យនៃស្ថានបរមសុខគឺពិភពលោកថ្មី ដែលព្រះជាម្ចាស់កំពុងកសាង​នៅក្នុងលោកនេះ ហើយនិងលោកខាងមុខ។ ព្រះសហគមន៍ជាសញ្ញាសម្គាល់អំពីព្រះ​រាជ្យ​នោះ គឺព្រះរាជ្យនៃស្ថានបរមសុខ ហើយតាមរយៈព្រះសហគមន៍ ណែនាំឱ្យយើង​ស្គាល់ខ្លះៗអំពីព្រះរាជ្យនៃស្ថានបរមសុខ។ យើងបានឮពាក្យ «ចងនឹងស្រាយ» គឺបង្ហាញ​ផ្លូវ​ឱ្យ​មនុស្សបម្រើព្រះជាម្ចាស់។ លោកសិលាប្រៀនប្រដៅមនុស្សក្នុងនាមព្រះជាម្ចាស់។

យើងឃើញព្រះយេស៊ូហាមប្រាមមិនឱ្យសាវ័កប្រាប់នរណាដឹងទេ គឺមនុស្សមិនអាច​យល់ពីឋានៈរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះបានច្បាស់ មុនពេលព្រះអង្គសោយ​ទិវង្គតនិងមានព្រះជន្មរស់ឡើងវិញ។ ពេលនោះមានន័យថា មនុស្សត្រូវតែយល់ច្រឡំ ដោយយល់តាមរបៀបលោកកិយថា ព្រះយេស៊ូជាស្ដេចដែលប្រើអំណាច​ ដែលរំដោះ​ប្រជាជន​ដោយ​ប្រើអាវុធ។ ព្រះយេស៊ូមិនបង្រៀនឱ្យសាវ័កដឹង​អំពីឋានៈរបស់ព្រះអង្គ​ ដូច​យើង​ធ្លាប់​បង្រៀនទេ។ គឺទ្រង់សួរគេវិញថា តើគេមានបទពិសោធយ៉ាងណា​ពេលគេនៅ​ជា​មួយ​ព្រះយេស៊ូរយៈពេលជាយូរ​ ប៉ុន្តែគេមានបទពិសោធ​យ៉ាងម៉េច។ ជំនឿរបស់​យើង​សម្អាង​ទៅលើជំនឿរបស់ក្រុមគ្រីស្តទូត និងជំនឿរបស់ព្រះសហគមន៍ជាគ្រឹះ​ ដោយ​​យើង​រួម​ជាមួយលោកសិលាដើម្បីប្រកាសថា ព្រះយេស៊ូពិតជាព្រះគ្រីស្ តគឺ​ពិត​ជា​អ្នក​ដែល​បំពេញ​សេចក្ដីសង្ឃឹមរបស់យើង ហើយយើងក៏ប្រកាសថា ព្រះយេស៊ូពិតជា​ព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះអង្គប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះបិតា​ អាច​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះបិតាបាន។ លោកសិលាជាគ្រឹះរបស់ព្រះសហគមន៍ លោកមានអំណាចណែនាំព្រះសហគមន៍ និងថែរក្សាព្រះសហគមន៍ឱ្យចូលរួមគ្នា​ជាធ្លុងតែមួយ ជំនឿតែមួយ និងមានចិត្តស្រលាញ់តែមួយ។

សព្វថ្ងៃលោកអភិបាលក្រុង​រ៉ូម​ ព្រះសហគមន៍ក្រុងរ៉ូម ឬសម្ដេចប៉ាប ឱ្យបន្តមុខងារពីលោកសិលា។ តាមពិត​ព្រះវិញ្ញាណដ៍វិសុទ្ធរបស់ព្រះជាម្ចាស់ របស់ព្រះយេស៊ូជាអ្នកណែនាំលោកអភិបាល ជាអ្នកណែនាំព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬសម្ដេចប៉ាប ​គ្រាន់តែបំពេញ​មុខងារប្រមែប្រមូលព្រះសហគមន៍ក្នុងនាមព្រះជាម្ចាស់ប៉ុណ្ណោះ។ ហើយ​ឱ្យយើងរិះគិតអំពីអស់បងប្អូនដែលបំពេញមុខងារគ្រប់គ្រង ឬកាន់អំណាច ត្រូវតែ​​​​នឹកថា ខ្លួនបានទទួលតំណែងពីព្រះជាម្ចាស់ ខ្លួនគ្រប់គ្រងគេជាឋានៈអ្នកបម្រើដ៏ស្មោះត្រង់ អ្នក​កាន់អំណាចឬអ្នកកាន់មុខងារណាមួយ ​ទោះបីនៅក្នុងគ្រួសារ ក្នុងព្រះសហគមន៍ នៅក្នុងជួររដ្ឋាភិបាលត្រូវតែរកប្រយោជន៍រួម មិនត្រូវរកប្រយោជន៍ផ្ទាល់ខ្លួនសោះឡើយ ហើយទូលអង្វរព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍របស់យើង សង្គមរបស់យើង ឱ្យមេ​ដឹកនាំរបស់យើងទាំងព្រះសហគមន៍ និងមេដឹកនាំផ្សេងៗឱ្យគេបម្រើដោយចិត្ត​ស្មោះ​ត្រង់ដោយរកផលប្រយោជន៍រួម៕

Daily Program

Livesteam thumbnail