អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ២៣,១-១២អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី

ជម្រាបសួរបងប្អូនជាទីស្រលាញ់! ថ្ងៃនេះខ្ញុំចែកព្រះបន្ទូលដំណឹងល្អដែលយើងស្ដាប់​នៅ​ថ្ងៃ​សៅរ៍​ ចំអាទិត្យ​ទី២០ រដូវធម្មតាតាមប្រតិទិនព្រះសហគមន៍កាតូលិក។

ថ្ងៃសៅរ៍​នេះ គឺ​ព្រះបន្ទូលដំណឹងល្អបានថ្លែងអំពីព្រះយេស៊ូ បានបង្រៀនក្រុមសាវ័ក ហើយព្រះ​អង្គ​​ពន្យល់​ប្រាប់គេថា អ្វីៗដែលខាងគណៈផារ៉ាស៊ីបង្រៀនសូមយកអនុវត្តតាម ប៉ុន្តែ​សូមកុំធ្វើតាមទង្វើដែលគេបានប្រព្រឹត្តឡើយ។ ក្រោយមក ព្រះយេស៊ូបានរៀបរាប់ថា ដោយសារខាងគណៈផារ៉ាស៊ីនេះ គេបានចូលចិត្តកន្លែងកិត្តិយស គេបានចូលចិត្តឱ្យ​អ្នកដទៃ​កោតសសើរអីចឹងទៅ។​ ក្រោយមកព្រះយេស៊ូប្រាប់ថា អ្នកណាលើក​តម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើង​វិញ។

នៅក្នុងព្រះបន្ទូលដំណឹងល្អក្នុងថ្ងៃនេះ ខ្ញុំចាប់អារម្មណ៍ទីមួយ គឺព្រះបន្ទូល​របស់​ព្រះយេ​ស៊ូ​ប្រាប់ថា អ្វីៗដែលគេបង្រៀនសូមយកទៅអនុវត្ត ប៉ុន្តែសូម​កុំប្រណិប័តន៍​​តាមអំពើ​ដែល​គេ​បានប្រព្រឹត្ត។ សេចក្ដីនេះ បើយើងនិយាយជាភាសាខ្មែរ យើងធ្លាប់មានសុភាសិត និយាយថា «ពុតធគ្រូកុំត្រាប់ ច្បាប់គ្រូចាំយក»។ គិតថា នេះក៏មានអត្ថន័យ ដូចព្រះបន្ទូលនៅ​ថ្ងៃនេះ គឺរបៀបដែលខាងគណៈផារ៉ាស៊ីបានបង្រៀន គឺល្អ ក៏ប៉ុន្តែ​របៀប​​រស់​នៅដូចព្រះយេស៊ូមានព្រះបន្ទូលថា គេមិនបានរស់នៅបានត្រឹមត្រូវទេ ជា​ពិសេសគេចូលចិត្តកន្លែងកិត្តិយស គេចូលចិត្តឱ្យគេកោតសសើរគេ។ របៀបនោះ គឺជា​ទង្វើ​មួយ​ដែលមិនល្អ និងជួនកាលគេប្រើច្បាប់ ដើម្បីស្ដីបន្ទោសនិងចោទប្រកាន់អ្នក​ដទៃ​ដើម្បីដាក់ទោសអ្នកដទៃ។

អីចឹង ព្រះបន្ទូលនេះ ជួយណែនាំឱ្យយើងចេះរិះគិតពិចារណា អំពីជីវិតរបស់យើង ថាតើ​យើង​រស់នៅសព្វថ្ងៃ យើងរស់នៅយ៉ាងដូចម្ដេច? ថាតើជីវិតរបស់យើងនឹងពាក្យសម្ដី​ជួនកាលបើយើងជាអ្នកបង្រៀន ជាអ្នកអប់រំគេ របៀបដែលយើងរស់នៅ និងរបៀបដែលយើង​​បង្រៀន​គេ វាស៊ីគ្នាឬអត់? ដោយសារនៅក្នុងសង្គមមនុស្ស​ទូទៅ ខ្ញុំចាប់អារម្មណ៍ថា មនុស្សយើងភាគច្រើន យើងមានមុខពីរ មានន័យថា យើងនៅ​ខា​ងក្រៅ យើងធ្វើអំពើល្អឱ្យគេឃើញល្អ ប៉ុន្តែនៅខាងក្រោយយើងនិយាយដើមគេ ជួន​កាលយើងគិតសេចក្ដីអាក្រក់លើអ្នកដទៃ ជួនកាលរបៀបដែលរស់នៅចំពោះមុខអ្នក​ដទៃយើងរស់នៅមិនល្អទេ។

ដូច្នេះព្រះបន្ទូលរបស់ព្រះយេស៊ូក្នុងថ្ងៃនេះ ជួយរំលឹក​យើងថា តើយើងរស់នៅយ៉ាងដូចម្ដេច តើជីវិតរបស់យើងបានរស់នៅល្អ ទាំងរបៀប​ខាងក្នុងនិងរបៀបខាងក្រៅបានដែរឬទេ។ ព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិនបើ​យើង​ទាំង​អស់​គ្នាចេះរស់នៅបានល្អមែន នោះសំខាន់ឱ្យយើងយកចិត្តទុកដាក់នៅថ្ងៃ​នេះ គឺយើងចេះបន្ទាបខ្លួន។ ព្រះយេស៊ូបានបង្រៀនយើងម្ដងទៀតអំពីរបៀប​ចេះ​បន្ទាប​ខ្លួន ហើយបន្ទាបខ្លួននេះ មានន័យថា យើងចាត់ទុកអ្នកដទៃជាមនុស្សល្អ ហើយយើង​យកចិត្តទុកដាក់រស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គ ដែលណែនាំឱ្យទាំងអស់គ្នារស់នៅល្អ។ ពេលណាយើងបន្ទាបខ្លួន មិនគ្រាន់តែយើងរស់នៅគាប់ព្រះហឬទ័យរបស់ព្រះអង្គ ប៉ុន្តែ​យើងដាក់ខ្លួន គឺណែនាំឱ្យយើងទាំងអស់គ្នាបានចូលក្នុងព្រះរាជ្យ​នៃស្ថានបរមសុខ​ដែរ។ ព្រះយេស៊ូប្រាប់ថា ពេលណាយើងដាក់ខ្លួន គឺព្រះជាម្ចាស់ផ្ទាល់នឹងលើក​យើងឡើងលើ គឺស្ថានបរមសុខ។ ណែនាំឱ្យខ្ញុំនឹកឃើញនៅគម្រោងការណ៍របស់​ព្រះនាងម៉ារី​ ដែលព្រះនាងម៉ារីបានថ្លែងលើកតម្កើងព្រះជាម្ចាស់ ព្រះនាងម៉ារីបាន​ថ្លែង​ថា ព្រះអង្គបានលើកតម្កើងមនុស្សទន់ទាបឡើង។

នៅក្នុងព្រះបន្ទូលក្នុងថ្ងៃនេះ សូមព្រះជាម្ចាស់ជួយយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ និងជាលោកបូជាចារ្យ លោក​អភិបាល ឬគ្រូអប់រំជំនឿក៏ដោយ ឱ្យយើងយកចិត្តទុកដាក់រស់នៅ ដោយមានចិត្តបរិសុទ្ធ មានចិត្តស្មោះត្រង់ ចេះបន្ទាបខ្លួន ដើម្បីឱ្យយើងអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គ។​ អាម៉ែន៕

 

Daily Program

Livesteam thumbnail