អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣ តាមលូកា ១២,៤៩-៥៣ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា «ខ្ញុំមកមិនមែនដើម្បីប្រមែប្រមូល ប៉ុន្តែដើម្បីបំបែក គឺឪពុកប្រឆាំងនឹងកូន កូនប្រឆាំងនឹងម្តាយ»។
តាមពិត តើយើងត្រូវ យល់ព្រះបន្ទូលនេះយ៉ាងដូចម្តេច? ប្រសិនបើយើងស្គាល់ព្រះយេស៊ូ យើងដឹងច្បាស់ថា ព្រះយេស៊ូយាងមកដើម្បីប្រមែប្រមូល គឺប្រមែប្រមូលបុត្រធីតារបស់ព្រះជាម្ចាស់ធ្វើឱ្យមានក្រុមគ្រួសារតែមួយ។ ព្រះអង្គមិនមែនយាងមក បំបែក មិនមែននាំភ្លើងនៅក្នុងក្រុមគ្រួសារ ឬជាមាសារតាំង អារក្ស អ្នកតាដែលធ្វើឱ្យយើងបែងចែកពីគ្នា។ ដូច្នេះ តើព្រះយេស៊ូចង់មានព្រះបន្ទូលយ៉ាងដូចម្តេច?
នៅសម័យដែលអ្នកនិពន្ធដំណឹងល្អសរសេរអត្ថបទនេះ មានស្តេចនៅទីក្រុងរ៉ូមដែលប្រឆាំងនឹងគ្រីស្តបរិស័ទ ពីព្រោះគ្រីស្តបរិស័ទមិនព្រមក្រាបថ្វាយបង្គំស្តេច គ្រីស្តបរិស័ទចាត់ទុកថា មានព្រះតែមួយគឺព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូ។ ដូច្នេះសម័យនោះ ប្រជាពលរដ្ឋទាំងប៉ុន្មានត្រូវតែក្រាបថ្វាយបង្គំស្តេច ទុកដូចជាព្រះ តែគ្រីស្តបរិស័ទថាមិនមែនទេ។ ដូច្នេះស្តេចឱ្យរង្វាន់ឱ្យអស់អ្នកដែលចោទប្រកាន់ថា អ្នកនេះជាគ្រីស្តបរិស័ទ ដើម្បីចាប់គ្រីស្តបរិស័ទយកទៅសម្លាប់។ នៅក្នុងក្រុមគ្រួសារពេលខ្លះមានឪពុកម្តាយខ្លះជាគ្រីស្តបរិស័ទ ឬអ្នកផ្សេងទៀតនៅក្នុងគ្រួសារចោទប្រកាន់ប្រាប់ទៅស្តេចថា អ្នកនោះជាគ្រីស្តបរិស័ទ ដើម្បីបានរង្វាន់ និងដើម្បីរួចខ្លួនពីការដាក់ទោសពីស្តេចដែរ។ ដូច្នេះក្រុមគ្រួសារបែងចែកពីគ្នា មិនមែនដោយសារព្រះយេស៊ូ តែដោយសារស្តេចនៅទីក្រុងរ៉ូម។
សព្វថ្ងៃយើងឃើញថានៅក្នុងក្រុមគ្រួសាររបស់យើងមានកាន់សាសនាផ្សេងៗពីគ្នា ហើយក្រុមគ្រួសារនីមួយៗជាពុទ្ធសាសនា ប៉ុន្តែមានម្នាក់ ឬពីរនាក់ចូលក្នុងគ្រីស្តសាសនារួមជាមួយព្រះយេស៊ូ។ ដូចនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ យើងកាន់សាសនាកាតូលិក ប៉ុន្តែបងស្រីរបស់ខ្ញុំគាត់មិនព្រមជឿ ហើយគាត់លែងមកព្រះវិហារ។ ដូច្នេះមានអ្វីខ្លះកើតឡើង? ក្នុងក្រុមគ្រួសាររបស់ខ្ញុំពេលដែលជួបជុំគ្នា ញាំបាយជាមួយគ្នា ដើរលេងជាមួយគ្នា យើងមិនសូវហ៊ាននិយាយអំពីរឿងសាសនា ពីព្រោះយើងខ្លាចឈ្លោះគ្នា យើងខ្លាចបែកគ្នា។ បងស្រីរបស់ខ្ញុំដូចជារឹងរូស ដូច្នេះយើងមិនសូវហ៊ាននិយាយជាមួយគាត់អំពីព្រះយេស៊ូ ហើយយើងធ្វើយ៉ាងម៉េច ដើម្បីរក្សាសន្តិភាពនៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែពេលខ្លះយើងត្រូវតែឆ្លៀតឱកាសដើម្បីប្រាប់អំពីជំនឿរបស់យើង និងគោរពសេរីភាពរបស់គេ កុំបង្ខំ។ ហើយពេលខ្លះយើងប្រកាសជំនឿរបស់យើង ធ្វើឱ្យគេខឹង ឬធ្វើឱ្យគេបែកចេញពីយើងតែម្តង។
ដូច្នេះនៅថ្ងៃនេះ សុំឱ្យយើងជាប់នឹងព្រះយេស៊ូ។ ព្រះយេស៊ូដែលស្រឡាញ់មនុស្សលោកខ្លាំងណាស់ ព្រះយេស៊ូដែលមិនប្រកាន់អ្នកដទៃ ដែលជាព្យាយាមបង្រួបបង្រួមបុត្រធីតារបស់ព្រះជាម្ចាស់ ព្រះយេស៊ូដែលបានប្រកាសសេចក្តីពិត ប៉ុន្តែបានសោយទិវង្គតដោយសារសេចក្តីពិតនេះដែរ។ សុំឱ្យយើងឱ្យយើងមានចិត្តក្លាហាន ហើយនឹងកាន់ជំនឿឱ្យរឹងមាំ ដើម្បីបានសុភមង្គល។ អាម៉ែន៕